សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

17

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២។

អស់រយៈពេល១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាននៅតែមានក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាន នូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។

ដោយរំលឹកឡើងវិញពីកិច្ចខិតខំប្រឹងប្រែងដ៏ម៉ត់ចត់ដើម្បីជួយដោះស្រាយវិបត្តិ រួមទាំង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាសមាជិកអាស៊ានសូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ប្រទេសជាសមាជិកអាស៊ានសូមគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់ អំពើហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេល វេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្ស ធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។

វាមានសារសំខាន់ណាស់សម្រាប់គ្រប់ភាគី ទាំងអស់ក្នុងការលើកកម្ពស់លក្ខខណ្ឌអំណោយផលមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការ ស្ថាបនាមួយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយ សន្តិវិធីមួយចំពោះវិបត្តិនាពេលបច្ចុប្បន្ន សម្រាប់ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងសំដៅ ធ្វើឱ្យស្ថានភាពត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស និងដើម្បីទប់ស្កាត់ការអូសបន្លាយ នៃទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ា។

ដើម្បីសម្រេចគោលបំណងនេះ ប្រទេសជាសមាជិក អាស៊ាន សូមស្វាគមន៍ការតែងតាំង លោក ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងសូមអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាជួយសម្រួលដល់បេសកកម្មនានានៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនឹងចាប់ផ្តើមជាមួយដំណើរទស្សនកិច្ចជាលើកដំបូង ទៅកាន់មីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់ដែលអាចធ្វើបាន និងដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) អាចបោះជំហានទៅមុខ។

ប្រទេសជាសមាជិកអាស៊ានសូមអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន និងការត្រៀម លក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើ មូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណា ដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជា ម្ចាស់ និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ប្រទេសជាសមាជិកអាស៊ានសូមស្វាគមន៍ចំពោះការបន្តគាំទ្រពីដៃគូខាងក្រៅរបស់ យើងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននៅក្នុងការអនុវត្តដោយឆាប់រហ័ស និងទាំងស្រុង នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) រួមទាំងអំពីជំនួយមនុស្សធម៌ផងដែរ៕