ចិញ្ចើមផ្លូវនៅក្រុងតាខ្មៅ ស្ទើរលែងមានទៅហើយ ខណៈក្រុមអាជីវករយកធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួន

22

កណ្តាល៖នៅក្នុងក្រុងតាខ្មៅ គេសង្កេតឃើញថា ចិញ្ចើមផ្លូវស្ទើរទាំងអស់ សម្រាប់សិស្សានុសិស្សនិងប្រជាពលរដ្ឋ សម្រាប់ដើរឆ្លងកាត់អោយមានសុវត្ថិភាព ស្ទើរលែងមានទៅហើយ ដោយសារតែក្រុមអាជីវករមួយចំនួន បានយកធ្វើអាជីវកម្ម ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរអនុវត្តវិធានការ ដូច ភ្លើងចំបើង ពោលគឺ អប់រំរួច ក្រោយមក អ្វីៗមកជាដដែលៗវិញ ។

ប្រជាពលរដ្ឋ លើកឡើងថា តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានព្រែកត្នោត រហូតដល់មុខមន្ទីរពេទ្យបង្អែកជ័យជំនះ ចិញ្ចើមផ្លូវសម្រាប់ដើរ ជាផ្លូវថ្មើរជើង គឺ លែងមានហើយ សុទ្ធតែអ្នកលក់ចាប់ហួយ ម្ហូបអាហារ តាំងលក់ម៉ូតូ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ។

បើក្រឡេកទៅមើលផ្លូវមុខសាលាសេរីភាព វិញ គឺ ក្រុមអាជីវករ ដាក់រទេះលក់ពេញចិញ្ចើមផ្លូវ រកតែសិស្សានុសិស្ស ដើរគ្មានផង បើដើរថ្មើរជើងវិញចុះដើរមកផ្លូវធំ ដែលវាប្រឈមនឹងគ្រោះថ្នាក់បំផុត ។ ចំណែកផ្លូវលេខ២១ វិញ ចិញ្ចើមផ្លូវក៏លែងមានដែរ ដោយមានការតាំងលក់ម៉ូតូនិងទូរស័ព្ទ ពេញតែម្តង ។

ចំណែកឯកចិញ្ចើមផ្លូវក្បែរមន្ទីរក្រសួងអប់រំ យុវជននិងកីឡា ខេត្តកណ្តាល វិញ សុទ្ធតែទូរលក់កាហ្វេ ដាក់លក់ យ៉ាងអនាធិបតេយ្យ មើលលែងឃើញមន្ទីរអប់រំ និង ចិញ្ចើមផ្លូវ សម្រាប់ថ្មើរជើង ទៅហើយ ។

អ្នកលក់ដូរបង្ហើបខ្លះៗថា ការដាក់តាំងលក់បែបនេះបាន ដោយសារក្រុមអាជីវករ បានបង់លុយអោយអាជ្ញាធរសង្កាត់ក្រុងតាខ្មៅ ទើបលក់បាន មិនមែនចេះតែដាក់បានៗ នោះទេ ។

ជុំវិញបញ្ហានេះដែរ បានទំនាក់ទំនងទៅលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ តែលោកឆ្លើយថា កំពុងរវល់ប្រជុំ រួចក៍បិទទូរស័ព្ទតែម្តង ។

ប្រជាពលរដ្ឋសង្ឃឹមថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នឹងពិនិត្យសកម្មភាពរបស់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ផង ពីព្រោះ អភិបាលក្រុងតាខ្មៅរូបនេះ ហាក់មិនសូវអើពើ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទាល់តែសោះ ៕