ដើមឈើធំមួយដើមបាក់សង្កត់រថយន្តទំនើបមួយគ្រឿងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

3

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំដោយសារដើមឈើធំមួយដើមបាក់សង្កត់ក្នុងពេលភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍ខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ក្រោយកើតហេតុ ចៅសង្កាត់ទួលទំពូងទី១បានចុះមកដល់ទីតាំងកើតហេតុដើម្បីរៀបចំកាត់មែកឈើចេញផងដែរ។

សូមបញ្ជាក់ថា សម្រាប់មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ដើមឈើមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗបានបាក់រលំជាបន្តបន្ទាប់ធ្វើឱ្យខូចខាតយានយន្តជាច្រើនគ្រឿង ដែលចតនៅខាងក្រោមដើមឈើទាំងនោះ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកនិងឧតុនិយមក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស៕