ដឹងការពិតហើយករណី សមត្ថកិច្ចគាស់ថ្នូសព ពិនិត្យឡើងវិញ រកឃើញថាជនរងគ្រោះមានស្នាមចាក់ នឹងកាំបិត ចំនួន ៧ កន្លែង ជនដៃដល់ជា គឺ ជាប្អូនស្រី…

1

ភ្នំពេញ៖  ករណី បុរស ខ្មែរឥស្លាមម្នាក់ស្លាប់   យ៉ាងអាថកំបាំងហើយ   ក្រុមគ្រួសារកុហកថា ស្លាប់ដោយសារជម្ងឺ    យកទៅកប់   ពេលនេះដឹងការពិតហើយក្រោយពី សមត្ថកិច្ចជំនាញ ចុះទៅគាស់ផ្នូរទាំងភ្លៀង យកសាកសព មកពិនិត្យ កាលពី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២  ពិនិត្យរកឃើញថា  បុរសរងគ្រោះត្រូវប្អូនស្រីចាក់សម្លាប់នឹងកាំបិតចិតបន្លែ ចំនួន ៧កាំបិត។

សពដែលសង្ស័យថា ប្អូនស្រីចាក់សម្លាប់នោះ ឈ្មោះ ឡោះ សុខគ្រី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅ ក្នុងភូមិច្រាំងចំរេះសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកប្អូនស្រី ដែលជាប់សង្ស័យ ឈ្មោះ ឡោះ ស៊ីម៉ាស់ អាយុប្រមាណ៣៧ឆ្នាំ  ត្រូវបានគេអះអាងថា មានជំងឺសរសៃប្រសាទ។

បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា  ក្រោយពីពិនិត្យនិង ស្រាវជ្រាវ  បានបង្ហាញ ថា បុរសរងគ្រោះ ត្រូវប្អូនស្រី ចាក់សម្លាប់នឹងកាំបិតចិតបន្លែ ចំនួន ៧កាំបិត  បណ្តាលឲ្យរងរបួសធ្ងន់ហើយ បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។  ក្រោយមក ក្រុមគ្រួសារ បាន អះអាងថា ស្លាប់ដោយសារជម្ងឺសួត ហើយក៏នាំយកទៅបញ្ចុះ  ។ បន្ទាប់ពីកប់សពរួច ក៏មានការភ្ញាក់ផ្អើល និងមានការសង្ស័យពីអ្នកជិតខាងជាខ្លាំង ហើយសមត្ថកិច្ចក៏បានចុះសាកសួរ ដោយមានការសង្ស័យថា ជារឿងឃាតកម្ម  ក៏បានទៅ  គាស់សពយកមកត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចដីសហគមន៍ ដែលស្ថិតនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ទន្ទឹមនោះ ស្រីម្នាក់ ដែលគេស្គាល់ថា ជាប្អូនស្រីរបស់សព ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយជាប់សង្ស័យថា បានចាក់សំលាប់បងប្រុសខ្លួន។

សមត្ថកិច្ច ឱ្យដឹងថា បុរសខ្មែរអ៊ិស្លាមរូបនោះ បានស្លាប់ទាំងអាថ៌កំបាំង កាលពីវេលាម៉ោងប្រមាណ ១០ និង ៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្តាយឈ្មោះ ម៉ើ ហ្វាល់ អាយុ ៧២ឆ្នាំ បានព្យាយាមលាក់បាំងការពិត ដោយបានធ្វើលិខិតគោរពចូលទៅអនាម័យខណ្ឌឫស្សីកែវ ដើម្បីសុំបញ្ចុះសព ដោយអះអាងថា កូនប្រុសរបស់ខ្លួន បានស្លាប់ ដោយសារតែជំងឺសួតរយៈពេល ១០ឆ្នាំមកហើយ។   យោងតាម ចម្លើយ ស្ត្រីជាប់ចោទ បានសារភាពប្រាប់ សមត្ថកិច្ច ថា មុនពេលកើតហេតុ បងប្រុស បានយកថ្នាំសរសៃប្រសាទអោយប្អូនលេប តែនាងមិនលេប ក៏មានទំនាស់គ្នា ហើយប្អូនស្រីខឹងបានទាញកូនកាំបិត ចាក់បងចំនួន ៧កាំបិត របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយស្លាប់តែម្តង។

ក្រោយគាស់សពទាំងភ្លៀង និងបានត្រួតពិនិត្យរួច សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ត្រូវប្អូនស្រី ដែលមានជំងឺសរសៃប្រសាទ ចាក់ត្រូវ ៧កាំបិត។  បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕