លោក ផុស សុវណ្ណ បន្តជំរុញឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ…

1

ភ្នំពេញ ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបន្តជំរុញឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់វិជ្ជាជីវៈ ជាពិសេសចូលរួមអភិវឌ្ឍវិស័យព័ត៌មានក្នុងប្រទេស ឱ្យកាន់តែល្អប្រសើរឡើង ។

លោក ផុស សុវណ្ណ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានក្លាយទៅជាកត្តាគន្លឹះមួយ កំណត់ នូវនិន្នាការវិវត្តន៍នៃសេដ្ឋកិច្ច និងសង្គម ជាមួយនឹងការបង្កើត ឡើងទាំងកាលានុវត្តភាព និងទាំងបញ្ហាប្រឈម សម្រាប់សកលលោកទាំងមូល ជាពិសេសបានធ្វើឱ្យមានការ ផ្លាស់ ប្តូរយ៉ាងលឿន នៅក្នុងល្បឿនមួយដែលមិនធ្លាប់មាន ពីមុនមក និងបានផ្តល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយ មានលទ្ធភាពបង្កើនផលិតភាពរបស់ខ្លួន ប្រសិទ្ធភាពការងារ និងគុណភាពនៃ ផលិតកម្ម ។

 

ទន្ទឹមជាមួយនឹងការរីកចម្រើននេះ លោកបានសង្កេតឃើញថា អ្នកសារព័ត៌មានអាជីពមួយចំនួន បានគោរពទៅតាមវិជ្ជាជីវៈច្រើន ហើយឯកសារទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយទៅដល់សាធារណជន គឺត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងមានការចង្អុល បង្ហាញបន្ថែមពីនិពន្ធនាយក របស់ខ្លួន ប៉ុន្តែក៏មាននៅសេស សល់អ្នកសារព័ត៌មានមួយចំនួន នៅខ្វះក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនេះគឺនៅតែជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។

លោក ផុស សុវណ្ណ « ខ្ញុំឆ្លៀតឱកាសនេះ ចង់ផ្ដាំផ្ញើជូនទៅដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមទាំងអស់គ្នា ទោះបីអ្នកសារព័ត៌មានមានការងារទាក់ទងជាមួយ នឹងវិជ្ជាជីវៈ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីក៏ដោយ ប៉ុន្តែអ្នកសារព័ត៌មានត្រូវគិតគូរ អំពីក្រមសីលធម៌ របស់ខ្លួនឲ្យបានច្បាស់លាស់ផងដែរ ពីព្រោះ បច្ចុប្បន្ននេះ នៅមានសេសសល់បញ្ហានេះ ហើយខ្ញុំឮខាងមណ្ឌល ព័ត៌មានបានរាយការណ៍មកទាក់ទង ជាមួយតែអ្នកសារព័ត៌មានយើង ត្រូវបានសមត្ថកិច្ចមានវិធានការ ហើយយើងមើលទៅឃើញថា បញ្ហាទាំងអស់នេះ គឺនៅមានភាពស្មុគស្មាញ » ។