កម្លាំងជំនាញខេត្តកោះកុងចុះអនុវត្តដីកា ឃាត់ខ្លួនជនត្រូវចោទម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត

2

កោះកុង ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់របស់សាលាដំបូងខេត្តកោះកុងនោះ នៅវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកា សហការជាមួយកម្លាំងជំនាញនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៦១៥ ត.ព្រចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១ ចេញដោយ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង ។

ដីកាបង្គាប់នេះគឺបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ យ៉េន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈ ជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត) ប្រព្រឹត្តនៅចំនុចរោងចក្រត្រីខ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។កាលពីឆ្នាំ ២០២១កន្លងទៅ។

លោកវរសេនីយ៍ឯក ឆឹង វាសនា បានបញ្ជាក់ថា ការអនុវត្តចាប់ខ្លួនឈ្មោះ យ៉េន បញ្ញា ធ្វើនៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានកម្លាំងជំនាញបំពេញឯកសារដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកោះកុងចាត់ការតាមនីតិវិធី៕