មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ របស់លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ ត្រូវបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃ១៧ មករានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់រដ្ឋមន្ត្រីក្រសួងបរិស្ថាន!

19

កណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ក្រុងតាខ្មៅបានចាប់ផ្តើមសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញអមដំណើរដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, ឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

នៅក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានថ្លែងថា មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ បានចាប់ដំណើរការដំបូងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដែលមានអាសយដ្ឋានអគារលេខ៤៤១ ផ្លូវ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាលលើទីតាំងដែលមានអគារកម្ពស់៣ ជាន់ស្មើនឹង ១២បន្ទប់ ដែលមានចំនួនគ្រែសរុប ១៨គ្រែ និងមានបុគ្គលិកសរុបចំនួន ១៦នាក់ ក្នុងនោះស្រី ៩នាក់ និងមានវេជ្ជបណ្ឌិតឯកទេសចំនួន ៦នាក់បានបញ្ចប់ការសិក្សានៅសាធារណរដ្ឋបារាំងចំនួន ៣នាក់ ដែលបានបម្រើសេវាសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវេជ្ជសាស្ត្រទូទៅ ផ្នែកវះកាត់ ផ្នែកកុមារ ផ្នែកមន្ទីរពិសោធន៍ ផ្នែកអមវេជ្ជសាស្ត្រ ជូនប្រជាជនក្នុងមូលដ្ឋានក្រុងតាខ្មៅ។

លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ បានថ្លែងបន្តថា ដោយទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋានកម្មករ និយោជិត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ទទួលបានការអនុញ្ញាតពីបេឡាជាតិសន្តិសុខសង្គម(បសស) លើកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលជូន សមាជិក សមាជិកាបេឡាជាតិសន្តិសុខសង្គម ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលនេះបានបង្ហាញឲ្យឃើញថា មន្ទីរសម្រាប់ព្យាបាល និងសម្ភព ចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាលកម្រិត ៣( CPC3 ) ជូនបងប្អូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្ដល់ការពិនិត្យ ព្យាបាល ថែទាំ វេជ្ជសាស្រ្តប្រកបដោយគុណភាព ប្រសិទ្ធភាព នៅក្នុងគោលបំណងបង្ខិតសេវាឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

លោកវេជ្ជបណ្ឌិតឯកទេស បានបញ្ជាក់ថា ដោយតាមការជឿទុកចិត្តពីអតិថិជនគ្រប់ទិសទី ព្រមជាមួយនឹងតម្រូវការផ្នែកសុខាភិបាលដែលមានស្តង់ដារខ្ពស់មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ បានពង្រីកនូវទីតាំងបន្ថែមនូវសេវាព្យាបាលចាំបាច់មួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនរបស់ខ្លួន អាគារដ៏ថ្មីសន្លាងដែលកំពុងធ្វើពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលធំមួយ លើវិស័យសុខាភិបាលក្នុងខេត្តកណ្ដាល ដែលបាននិងកំពុងត្រៀមខ្លួនផ្ដល់នូវសេវាព្យាបាលជូនអតិថិជនប្រកបដោយភាពជឿជាក់លើគុណតម្លៃស្នូលគឺគុណភាពសេវាកម្មក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោកវេជ្ជបណ្ឌិតឯកទេស បានបញ្ជាក់ថា ដោយតាមការជឿទុកចិត្តពីអតិថិជនគ្រប់ទិសទី ព្រមជាមួយនឹងតម្រូវការផ្នែកសុខាភិបាលដែលមានស្តង់ដារខ្ពស់មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ បានពង្រីកនូវទីតាំងបន្ថែមនូវសេវាព្យាបាលចាំបាច់មួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនរបស់ខ្លួន អាគារដ៏ថ្មីសន្លាងដែលកំពុងធ្វើពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលធំមួយ លើវិស័យសុខាភិបាលក្នុងខេត្តកណ្ដាល ដែលបាននិងកំពុងត្រៀមខ្លួនផ្ដល់នូវសេវាព្យាបាលជូនអតិថិជនប្រកបដោយភាពជឿជាក់លើគុណតម្លៃស្នូលគឺគុណភាពសេវាកម្មក្រមសីលធម៌ និងវិជ្ជាជីវៈ។

ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ជាមន្ទីរពេទ្យតូច តែមានបេះដូងធំ ប្រកបដោយពាក្យស្លោកបួនឃ្លា គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ។ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងបន្តថា ឈ្មោះ ចតុមុខ នេះ គឺជាឈ្មោះដ៏ប្រពៃ តាំងពីបរមបុរាណមកម្លេះ និងជាឈ្មោះរាជធានីផងដែរ។ មិនតែប៉ុណ្ណោះ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានបើកចំហរសម្រាប់ឲ្យនិសិត្សពេទ្យដទៃទៀត ដើម្បីមកដកស្រង់បទពិសោធន៍ និងបណ្តុះបណ្តាល។

ឯកឧត្តម សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះទៀតថា ចំពោះវិស័យសុខាភិបាល បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក៏បានជំរុញឲ្យពន្លឿន និងយកចិត្តទុកដាក់បំផុត ក្នុងការផ្តល់សេវាកម្មសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ៕