ឈ្មួញនាំជ្រូកចូល ពីប្រទេសវៀតណាម បើកឡានដេញបុកសមត្ថកិច្ច

1

(ខេត្ដត្បូងឃ្មុំ)៖ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅលើផ្លូវលំ ភូមិស្ទឹងតូច ឃុំកក ស្រុកពញាក្រែក ខេត្តត្បូងឃុំ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត នាំសត្វចូល ដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចទេ ថែមទាំងបើកឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។

ក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយនឹងដោះស្រាយ ទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ហើយអាចឈានដល់ ដុតកម្ទេចចោល ។

ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់ខាងលើនេះ ចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់បាន ហើយឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការ ទៅតាមច្បាប់ជាធរមាន ។

ហេតុការណ៍ស្រដៀងគ្នានេះ មិនមែនទើបតែកើតឡើងម្តង ឬ ២ ដងឡើយ ពោលគឺ រាល់ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នោះ សមត្ថកិច្ច ប្រឈមនឹងគ្រោះថ្នាក់ច្រើន ព្រោះឈ្មួញខិលខូច មានគ្នីគ្នាច្រើន តាំងពីអ្នកយក ការណ៍ តាំងពីអ្នកតាមកាងការពារ ខណៈសមត្ថកិច្ច ពុំមានអាវុធឡើយ ។

សមត្ថកិច្ច មិនរាថយឡើយ គឺនឹងនៅតែបន្តអនុវត្ត ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នេះ តទៅទៀត ៕