លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹងនាំកម្លាំងចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណវត្តប្រជុំរង្សី ស្ថិតនៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ

17

៖ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្ត្រីក្រោមឱវាទ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណវត្តប្រជុំរង្សី ស្ថិតនៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​។

ប្រជាពុទ្ធបរិស័ទ្ធជាង ១០០នាក់ បានផ្ទុះកាតវ៉ាទាំងយប់មិនឲ្យព្រះសង្ឃ ហ៊ឹម និមិត្ត ចេញពីវត្តប្រជុំរង្សី ស្ថិតក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ នោះទេ បន្ទាប់ពីវត្តនេះ ត្រូវបានសម្រេច និងធ្វើពិធីប្រកាសដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាលរួចមក ។

 

លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា ក្រោយពីពិធីប្រកាសដាក់វត្តប្រជុំរង្សី ឲ្យនៅក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាលរួចមក លោកអភិបាលខេត្តកណ្តាល និងមេគណខេត្ត ព្រមទាំងព្រះសង្ឃបាននិមន្តចេញពីវត្ត ស្រាប់មានប្រជាពលរដ្ឋប្រមាណ ២០នាក់ បានស្រែកតវ៉ា មិនព្រមឲ្យព្រះសង្ឃឈ្មោះ ហ៊ឹម និមិត្ត ចេញពីវត្តនោះទេ ។ បន្ទាប់មក ក៏មានការទូងស្គរហៅប្រជាពលរដ្ឋផ្សេងទៀតអោយមកចូលរួមតវ៉ាបន្ថែមទៀត ភ្លាមនោះក៏មានប្រជាពលរដ្ឋប្រមាណជា ១៣០នាក់បានមកចូលរួមស្រែកតវ៉ាដែរ ។ ចំណែកលោកឈ្មោះ ហ៊ឹម និមិត្ត ក៏បានស្រែកតាមឃោសនាស័ព្ទថា «អាត្មាក៏មិននិមន្តចេញពីវត្តប្រជុំរង្សី ហៅវត្តព្រែកក្តាម នេះដែរ» ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលគាំទ្រព្រះសង្ឃឈ្មោះ ហ៊ឹម និមិត្ត នៅបន្តស្រែកតវ៉ាក្នុងវត្តដដែល ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតបានត្រឡប់ទៅផ្ទះខ្លះហើយ ។

គួរបញ្ជាក់ថា វត្តប្រជុំរង្សី ហៅវត្តព្រែកក្តាមខាងលើ ត្រូវបានប្រកាស់ដាក់ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគុណខេត្តកណ្ដាល នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព សម្ដេចព្រះឧត្តមមុន្នី ជា សំអាង ព្រះមេគុណខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួម ពីព្រះសង្ឃតាមបណ្ដាវត្តក្នុងស្រុក, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត សរុប ១៤៧នាក់ ។

នៅក្នុងពិធីប្រកាសនេះ គឺបានសម្រេចដាក់វត្តប្រជុំរង្សី (វត្តព្រែកក្ដាម) ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្ដាល ។ ចំពោះព្រះសង្ឃដែលគង់ក្នុងប្រជុំរង្សី (វត្តព្រែកក្ដាម) ទាំងអស់ ត្រូវនិមន្ដទៅគង់នៅវត្តព្រះអនុគណស្រុកពញាឮ បន្ទាប់ពីវត្តទទួលបានប្រក្រតីភាព នឹងស្ថេរភាពដូចដើម សាលាគណនឹងប្រគល់វត្តនេះ ដល់គណៈសង្ឃស្រុកដើម្បីគ្រប់គ្រងឡើងវិញ ហើយត្រូវបានប្រគល់តួនាទី និងភារកិច្ចប្រគេន ព្រះភិក្ខុ អ៊ុច ឌួង ជាព្រះចៅអធិការស្ដីទីវត្តប្រជុំរង្សី (វត្តព្រែកក្ដាម) ដើម្បីដឹកនាំគ្រប់គ្រង នឹងទទួលខ្សែត្រូវនូវរាល់កិច្ចការទាំងឡាយក្នុងវត្ត ឲ្យមាននិរន្តរភាពតទៅ ។ ព្រះភិក្ខុ អ៊ុច ឌួង មានកាតព្វកិច្ចសហការ ការងារជាមួយមន្រ្តីសង្ឃ នឹងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យមានការរីកចម្រើន មានភាពស្ងប់រម្ងាប់ និងភាពប្រសើរឡើងសម្រាប់វត្តប្រជុំរង្សី (វត្តព្រែកក្ដាម) ជៀសវាងការធ្វើឲ្យមានអធិករណ៍ផ្សេងៗ រវាងព្រះសង្ឃ នឹងព្រះសង្ឃ ព្រមទាំងព្រះសង្ឃ នឹងគ្រហស្ថ ៕