ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើក ដំណើរ ការ ប្រទេស ឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស…

10

(ខេត្តសៀមរាប)÷ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើក ដំណើរ ការ ប្រទេស ឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃដោយអនុលោមតាមអភិក្រមផ្ការីក។ លោកបានមានប្រសាសន៍បញ្ជាក់ថា៖ «ការជួបជុំគ្នានៅខេត្តសៀមរាបនាឱកាសនេះ នឹងឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ ឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដី បេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពី បានធ្វើទំនើបកម្ម និងកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ១ឆ្នាំ»។

ទន្ទឹមនឹងនេះ ឯកឧត្តមបានចាត់ទុកថាកិច្ចប្រជុំគណៈកម្មាធិការកណ្តាល មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែល ស.ស.យ.ក សម្រេច បាន ក្នុងរយៈពេល ៨ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីបុព្វហេតុ យុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហាន បន្ទាប់។

គួរបញ្ជាក់ផងដែលថា កាលពីឆ្នាំ២០១៩ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។ ដោយឡែកក្នុងឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការប្រព្រឹត្តទៅនៃស្ថាប័នមួយនេះនៅតែអាចបន្តអនុវត្តជាប្រក្រតីដោយត្រូវសម្របខ្លួនទៅតាមបរិបទនៃការរស់នៅបែបគន្លងថ្មី ដោយកិច្ចប្រជុំត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យសមាជិក សមាជិកាអាចបន្តធ្វើការប្រជុំ ពិភាក្សា និង ដឹកនាំការងាររបស់ ស.ស.យ.ក. ដោយរក្សាបាននូវសុវត្ថិភាពផងដែរ។