ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងរៀបចំជា “សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា” ដំបូងគេ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិលើកទី២…

22

ភ្នំពេញ៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងរៀបចំជា “សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា” ដំបូងគេ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិលើកទី២  នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

វេទិកាកេសរកូលជាតិលើកទី២នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១)ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា ២)ចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ៣)ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ និង៤)ផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា។

ដោយឡែក សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា ក្រសួងបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារ អំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់ រុក្ខជាតិគ្រឿងទេសនៅកម្ពុជា ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុង ម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ។

ក្នុងឱកាសនោះដែរ ក៏មានការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តការរវាងក្រសួងបរិស្ថាន និងសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេស ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ បង្កើត និងដំណើរការនៃការអភិរក្សជីវៈចម្រុះក្រៅដែនធម្មជាតិនៅកម្ពុជា។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តការរវាងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ស្តីពីកិច្ចសហការរៀបចំ និងប្រតិបត្តិការរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

គួរបញ្ជាក់ឱ្យដឹងថា វេទិកាកេសរកូលជាតិលើកទី២ និងសៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជានេះ បានរៀបចំឡើងនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធច្រើននាក់។