ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លេខ១នៅអាស៊ាន លេខ៣លើពិភពលោក

7

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានបីតិសោមនស្សរីករាយជាខ្លាំង ដោយតាំងពីចុង ឆ្នាំ២០២១មក ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏វៃឆ្លាតនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិជាទីស្នេហានៃយើង បានទទួលនូវជ័យជំនះយ៉ាង ត្រចះត្រចង់ក្នុងការប្រយុទ្ធដើម្បីបង្ក្រាបនូវការរាតត្បាតនៃជំងឺកូវីដ-១៩។ អាស្រ័យដោយជោគជ័យនេះ រាល់សកម្មភាព នៃសង្គមជាតិយើងបានងើបឡើងវិញ ហើយបានចាប់ដំណើរការការងាររបស់ខ្លួន គ្រប់វិស័យ។

ដោយបានឆ្លងកាត់ដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដូចជនរួមជាតិទាំងអស់គ្នាដែរ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាង គោលនយោបាយ និងច្បាប់រដ្ឋឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍរបស់ប្រទេស ជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

សមិទ្ធផលទាំងអស់នេះ បានផ្តល់ជូនប្រជា ពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ខ្ញុំព្រះករុណា ខ្ញុំ សូមយកឱកាសនេះ ដើម្បីកោតសរសើរចំពោះការដឹកនាំប្រទេស ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយកម្លាំងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយ ដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិ សាសន៍ និងការលើកកំពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

ឧត្តមប្រយោជន៍ដែលប្រជាជាតិទាំងអស់បានទទួលនាំឲ្យប្រជារាស្ត្រកម្ពុជាក៏ដូចជា ខ្ញុំព្រះករុណា ខ្ញុំមានការពេញចិត្ត ពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមអំពាវនាវឲ្យបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹងជំងឺ រាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ៕