ដេប៉ូខ្សាច់ដ៏ធំមួយ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ កំពុងបំផ្លាញផ្លូវ និង ប៉ះពាល់បរិស្ថានជាខ្លាំង

11

កណ្តាល៖ដេប៉ូខ្សាច់ដ៏ធំមួយ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ បាននិងកំពុងបំផ្លាញផ្លូវ និង ប៉ះពាល់សុខភាពពលរដ្ឋជាខ្លាំង ខណៈក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដែលដឹកចេញពីដេប៉ូខ្សាច់នោះ ដូចហែរបុណ្យកឋិន ទាំងថ្ងៃ ទាំងយប់ ពោលគឺ ២៤ម៉ោងលើ២៤ម៉ោង តែម្តង ។

ទីតាំងដេប៉ូខ្សាច់ដ៏ធំនេះ ស្ថិតតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រាល់ថ្ងៃនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគាត់ពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយខ្លាំង ពេលយប់ថ្លង់សម្លេងឡានបើកបរលឿនៗ ។

ប្រជាពលរដ្ឋ បន្ថែមថា ពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេ បើជម្រាបប្រាប់អាជ្ញាធរ រួចហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ គឺ នៅដដែលៗធ្វើអោយប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ហើយមិនដឹងថា ម្ចាស់ដេប៉ូខ្សាច់នេះ  មានបុណ្យសក្តិ ខ្សែធំ ប៉ុណ្ណា នោះទេ ។

បើនិយាយរឿងសម្លេងឡានបើកបរវិញ គឺ យប់ឡើងដេកមិនបាននោះទេ សម្លេងថ្លង់ និង អាអ៊ិចកាយខ្សាច់ផង ក្រុមឡានដឹកខ្សាច់ផង ។

ដោយឡែកផ្លូវ ខ្សាច់ ទឹកហូរ ពេញផ្លូវ ធ្វើអោយខ្សាច់ ដីកកពូនលើផ្លូវ ក្លាយជាភក់ រអិល ដល់អ្នកធ្វើដំណើរខ្លាំងណាស់ វាងាយធ្វើអោយកើតឡើងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នឹងដោះស្រាយបញ្ហានេះ ជូនដល់ប្រជាពលរដ្ឋ ផង ៕