ដីព្រៃកោងកាងក្នុងសហគមន៍ ការពារធម្មជាតិជ្រោយស្វាយ នៃតំបន់ប្រើប្រាស់ដងពែង នៅតែរងការកាប់ឆ្កាទន្រ្ទានយកជាកម្មសិទ្ធពីសំណាក់អ្នក មានលុយ មានអំណាចមានឥទ្ធិពល

22

ខេត្តកោះកុង÷ ប្រជាពលរដ្ឋក្នុងសហគមន៍ តំបន់ការពារធម្មជាតិជ្រោយស្វាយ ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុកស្រែអំបិល លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរកសិកម្មខេត្តកោះកុងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹតមេខ្យល់ជាពិសេសឈ្មួញដី ដែលអ្នកជានៅពីក្រោយក្នុងការកាប់ឆ្កា ក្នុងការទិញលក់ដីព្រៃកោងកាងទាំងនោះ?

បើតាមប្រភពពីប្រជាពលរដ្ឋប្រជាសហគមន៍ជ្រោយស្វាយ បានរាយការណ៍មកថា នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២នេះ គណៈកម្មការសហគមន៍សហការជាមួយនឹងមន្ត្រីបរិស្ថាននិងអាជ្ញាធរភូមិឈើនាង បានចុះល្បាតក្នុងដែនសហគមន៍របស់ខ្លួន ក៏បានជួបប្រទះឃើញមានបទល្មើសកាប់ឆ្ការ ដីព្រៃកោងកាង ទន្ទ្រានយកធ្វើជាកម្មសិទ្ធិដើម្បីលក់បន្តទៅឲ្យឈ្មួញអ្នកមានលុយមានអំណាចមួយចំនួន ប្រមាណជាង១០ ហិកតា ក្នុងភូមិឈើនាង និងមានការកាប់ឆ្ការជាច្រើនកន្លែងទៀត ក្នុងតំបន់ការពារធម្មជាតិ សហគមន៍ជ្រោយស្វាយ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅក្នុងភូមិឈើនាង ភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង បើតាមការលើកឡើងបញ្ជាក់ពីប្រជាពលរដ្ឋ គណៈកម្មការសហគមន៍បានបញ្ជាក់ប្រាប់ថា ហេតុឲ្យមានការ កាប់ឆ្កែរុករានទន្ទ្រានដីព្រៃកោងកាងជាច្រើនកន្លែងកន្លងមកនេះ គឺដោយសារតែមានឈ្មួញដីខ្លះមានងារជាឧកញ៉ា ខ្លះមានងារជាឯកឧត្តមខ្លះទៀតមានខ្សែស្រឡាយអ្នកធំមានអំណាចមានឥទ្ធិពល នៅកាងពីក្រោយ បានយកលុយមកឱ្យមេខ្យល់ ទៅដើម បំផុសបំផុលទិញដីព្រៃកោងកាងរបស់រដ្ឋ ក្នុងដែនសហគមន៍ក្នុងដែនអភិរក្សជីវៈចម្រុះក្នុងដែនការពារធម្មជាតិ ក្នុងដែលប្រើប្រាស់ច្រើនយ៉ាងដងពែង។ហើយប្រជាពលរដ្ឋខ្លះ ពួកគាត់នៅមិនបានដឹងអំពីបញ្ហាផ្លូវច្បាប់ ថែមទាំងឃើញលុយជាធំទៀតនោះ ក៏ចេះតែនាំគ្នា មួយចំនួនចាប់លក់ទៅ ហើយអាជ្ញាធរខ្លះក៏ថែមទាំងហ៊ានស៊ីញ៉េក្នុងការលក់ទិញ ដីព្រៃកោងកាងក្នុងដែនសហគមន៍ទៀតផង ទាំងដីទាំងអស់នោះមិនមែនជាដីកម្មសិទ្ធឯកជន អាស្រ័យផលជាក់ស្តែងនោះទេ ទីមួយគឺដីនោះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិសហគមន៍ ទីពី ស្ថិតនៅក្នុងដែនអភិរក្សជីវៈចម្រុះ ទីបីស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងទៀត ចុះហេតុអ្វីអាជ្ញាធរគាត់ហ៊ានស៊ីដែរឬទេ ។

ប្រជាពលរដ្ឋក៏ដូចជាគណ:កម្មការសហគមន៍ការពារធម្មជាតិជ្រោយស្វាយ

ស្នើសុំដល់អាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តការដូចជាក្រសួងមន្ទីរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការពារយ៉ាងម៉េចតាមផ្លូវច្បាប់បែបនេះ គឺគោលបំណងសហគមន៍ទាំងមូល ចង់ឲ្យព្រៃកោងកាងនៅគង់វង្ស ដើម្បីជាជម្រក ត្រី ក្តាម ខ្យង និងដើម្បីបម្រើក្នុងវិស័យទេសចរណ៍អេកូធម្មជាតិ មានព្រៃកោងកាងស្រស់បំព្រង និងដើម្បីកាត់បន្ថយភាពក្រីក្រការចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ បំណង់ស្ពោះទៅរកចំណូល លើកស្ទួយជីវភាពគ្រួសារក្នុងសហគមន៍ទាំងមូល និងដើម្បីថែរក្សាការពារសម្បត្តិធនធានរបស់រដ្ឋទុកឲ្យក្មេងជំនាន់ក្រោយបានឃើញផងដែរអង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕