ក្រសួងការងារ ជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ ឱ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២២ ត្រូវបានពន្យារ ពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

5

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ ឱ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២២ ត្រូវបានពន្យារ ពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តន៍ ច្បាប់ស្តីពីការងារ ជ្រាបថា ដោយសារស្ថានភាពឆ្នាំ២០២២នេះ មានបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែបន្ត ជាពិសេសវីរុសបម្លែងថ្មីអូមីក្រុង ធ្វើឱ្យជនបរទេសដែលធ្លាប់មានបណ្ណ/ សៀវភៅការងារជនបរទេសឆ្នាំ២០២១ មួយចំនួនធំមិនទាន់បានស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅ ការងាររបស់ពួកគាត់នៅឡើយ។

ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ ឱ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២២ ត្រូវបានពន្យារ ពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមិនតម្រូវឱ្យធ្វើការផាកពិន័យសម្រាប់ជនបរទេស ដែលធ្លាប់ មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២១ឡើយ។

ចំពោះជនបរទេសដែលចូលថ្មីមកធ្វើការ ឬប្រកប អាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញឯកសារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕