កម្លាំងសមត្ថកិច្ចបង្ក្រា.បក្រុមឧក្រិ.ដ្ឋជ.នគ្រឿងញៀ.ន ៣នាក់ រឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ

16

ភ្នំពេញ ៖ ពិតជាមិនធម្មតានោះទេ បើសិនមិនមានការបង្ក្រាបទាន់ពេលវេលាពីសំណាក់សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនមិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលរងផលប៉ះពាល់នៃឥទ្ធិពលគ្រឿងញៀន។

សូមបញ្ជាក់ថា, ជាក់ស្ដែងសមត្ថកិច្ចនៃមន្ទីរបង្ក្រាបគ្រឿងញៀនបានបើកប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន៣នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង១០០គីឡូក្រាមនៅរាជធានីភ្នំពេញ។

គួររំលឹកឡើងថាកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទី លោក វរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១៖ នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣៖ នៅចំណុចផ្ទះគ្មានលេខ(ជាប់ផ្ទះលេខ១A២)ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ :

និងចាប់យកវត្ថុតាងរួមមាន:

១/កេតាមីន(Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម

២/អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម

៣/មេតំហ្វេតាមីន(WY) ទម្ងន់ ១៩០ ក្រាម

៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ ក្រាម

សារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕