ដោយសារតែការធ្វេសប្រហែសស្រ្តីម្នាក់ ម្ចាស់ចម្ការដុតស្មៅ ភ្លេចមើលត្រាក់ទ័រខូចប.ង្កជាអគ្គិភ័យឆេះត្រាក់អស់មួយគ្រឿង ចុងក្រោយម្ចាស់ត្រាក់ទ័រទារសងជាង ១ម៉ឺនដុល្លារ

136

ខេត្ត​មណ្ឌលគិរី ៖​ ដោយសារតែការធ្វេសប្រហែសស្រ្តីម្នាក់​ ជាជនជាតិ​ព្នង បានជួល​ត្រាក់ទ័​រមួយគ្រឿង​ ដេីម្បីឈូស​ឆាយដី​ចម្ការ​របស់ខ្លួន គោលបំណង​​ដាំដំឡូង​មី​ ខណៈ​ដែល​គាត់​ដុត​ស្មៅ ភ្លេច​មើល​ត្រាក់ទ័​រខូច បណ្ដាល​ឱ្យ​ឆាបឆេះ​ទាំង​ត្រាក់​ទ័រ អស់ ១គ្រឿងនោះខ្ទេចទាំងស្រុង។ ចុងក្រោយ​ម្ចាស់​ត្រាក់ទ័រប្ដឹងទៅសមត្ថកិច្ចទាមទារ​សង​ប្រាក់ជាង ១ម៉ឺន​ដុល្លារ។

ករណី​ប្ដឹង​ខាងលេីនេះ​ បានធ្វេី​ឡើងនៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២២នេះ ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ឈូក​ ស្ថិត​នៅ​ចំណុច​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងនៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២២នេះថា៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ឈូក បានទទួល​ពាក្យបណ្ដឹង ពី​ឈ្មោះ ភិន ទីន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មក​ស្នាក់នៅ បណ្ដោះអាសន្ន ក្នុងភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ចំណែក​ម្ចាស់​ចម្ការ ឈ្មោះ រិ​ទ្ធ ទិ​ត្យ ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​បាន​ដុត​គំនរ​ព្រៃ និង​ស្មៅ បណ្ដាលឱ្យ​ភ្លើង​ឆេះត្រាក់ទ័រ​ភ្ជួរ​ដី ចំនួន ១គ្រឿង​របស់គាត់​។​

របាយការណ៍ដដែល បន្តថា យោងតាម​ដំណើរ​រឿង​មុន​ពេល​កេីត​ហេតុ​ គឺម្ចាស់​ចម្ការ​ឈ្មោះ រិ​ទ្ធ ទិ​ត្យ ភេទ​ស្រី បាន​ជួល​គ្រឿងចក្រ ដែលមាន​ម្ចាស់​ឈ្មោះ ភី​ន ទីន ភេទ​ប្រុស អាយុ ៣៩ឆ្នាំ​(ដេីមបណ្ដឹង)​ឱ្យ​ទៅ​ឈូស​ឆាយដី​ចម្ការ​របស់ខ្លួន គោលបំណង​ភ្ជួរ​ដី​ដើម្បី​ដាំដំឡូង​មី កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២២​។​

ក្រោយ​មកនៅថ្ងៃកេីតហេតុពេល​ឈូសឆាយដី ជិត​រួចហើយ ស្រាប់​តែ​ត្រាក់ទ័រក៏បាន​ខូច (​ឆេះដុំ​ភ្លើង​)។ ពេលនោះ​ម្ចាស់​ត្រាក់ទ័រ (​ឈ្មោះ ភី​ន ទីន​) ក៏បាន​ដោះយក​ដុំ​ភ្លើង យកទៅ​ជួសជុល។

ចំណែក​ម្ចាស់​ចម្ការ (​ឈ្មោះ រិ​ទ្ធ ទិ​ត្យ​)​ក៏បាន​ដុត​គំនរ​ព្រៃ និង​ស្មៅ ដែល​ត្រាក់ទ័រ បាន​ឈូស ប្រមូល​នៅ​ជិត​ត្រាក់ទ័រដែល​ខូច ហើយក៏​មិនបាន​នៅ​មើល​ភ្លើង ដែល​ខ្លួន​បាន​ដុត​នោះទេ​។

ប្រភពដដែលបន្តថា​ លុះ​មកដល់​វេលា​ម៉ោង​ ១៤និង​ ​៣០នាទីនា​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០២២ ម្ចាស់ត្រាក់ទ័រ ឈ្មោះ ភី​ន ទីន បាន​ត្រឡប់​ទៅ​មើល​ត្រាក់ទ័រ​នោះ ហើយក៏​បានឃើញ​ភ្លើង ឆេះ​ត្រាក់ទ័ររបស់ខ្លួនអស់​បាត់ទៅហើយ។​

ក្រោយកេីតហេតុ​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ឈូក ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានឃើញ​មាន​ភ្លើង​ឆេះ​ត្រាក់ទ័រ និង​ខូចខាត​អស់ ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន ម្ចាស់​ត្រាក់ទ័រ ក៏បានដាក់ពាក្យបណ្ដឹងប្ដឹង​ម្ចាស់​ចម្ការ​ឱ្យ​ចេញសង​ថ្លៃ​ត្រាក់ទ័រ ចំនួន ១៣.០០០ដុល្លារ។ ដោយ​ឡែក​ភាគីម្ចាស់​ចម្ការ​វិញ ​គ្មាន​លុយ​សង​ដោយ​ស្នើ​សុំ​ឱ្យ​ភាគីម្ចាស់ត្រាក់ទ័យកដីចម្ការរបស់គាត់វិញទៅ៕