អភិបាលរាជធានីភ្នំពេញ ៖ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលំនៅដ្ឋាន កាន់តែប្រសើរឡើង មានក្រុមហ៊ុនបណ្ដាក់ទុនរកស៊ីយ៉ាងច្រើននៅកម្ពុជា

13

ភ្នំពេញ៖ ដោយសារ ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនិងនេះការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើងផងដែរ។សន្តិភាពនេះហើយដែលធ្វើឲ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញ ក្នុងពិធីសំណះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាននិងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគុង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨មីនានេះ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនបុគ្គលិកកម្មករ កម្មការិនី។ តែបើប្រទេសជាតិមានអសន្តិសុខគឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ីគឺមិនមានក្រុមហ៊ុនណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

ឯកឧត្ដម ឃួង ស្រេងបន្តទៀតថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឲ្យកម្មករកម្មការិនីមានការងារធ្វើគឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ហើយសន្តិភាពនេះ បានមកពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។ ដូច្នេះលោកស្នើឱ្យបងប្អូនកម្មករកម្មការិនីទាំងអស់រួមគ្នារក្សាឲ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។ ឯកឧត្ដម បញ្ជាក់ផងដែរថា កម្មករកម្មការិនីនិងម្ចាស់ក្រុមហ៊ុនគឺប្រៀបបានអណ្ដាតនឹងធ្មេញដែលយើងត្រូវរួមគ្នាដើម្បីអោយក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចំរើនដែរ។

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន បានមានប្រសាសន៍លើកឡើងថា៖ បុរីមេគង្គលែនបានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈ ការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និង កម្មករ សរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។

ជាពិសេសក្នុងកំឡុងវិបត្តិកូវិត-១៩ យើងមិនបោះបង់ចោល ក្រុមការងារយើង ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តអោយចាក់វាំសាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩។បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ល។ ហើយថ្មីៗនេះ យើងបានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ។បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ