ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)

34

ភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។

សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម  នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម  ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្ដម  វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា៖ សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២៧៧៥ ម៉ែត្រក្រឡា បណ្តោយប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ។ ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើននៅជុំវិញ។

កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន។ សួននេះសាងសង់ឡើយ ដោយប្រើប្រាស់រយៈពេល ០៦ ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ ដុល្លា រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកា ចំនួន ៦,០០០ ដុល្លា សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥,៤៩៧ ដុល្លា។

ឯកឧត្ដម  នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ សួនសហគមន៍កុមារមេត្រីនេះមិនត្រឹមតែលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។ ទោះបីជាយ៉ាងណាក្តីលោកសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការនៅលើសួនច្បារនេះអោយសោះ វានឹងនាំធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

ឯកឧត្ដម នួន ផារ័ត្ន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិនដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង ។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀតមកដល់កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើររបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយជម្រុញឱ្យមន្ត្រី ថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងចាត់វិធានការជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរថែមទៀត។

ឯកឧត្ដម  ឆាង ជាន បានមានប្រសាសន៍លើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រី វាមិនត្រឹមតែបានអោយក្មេងៗបានលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់អោយបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។

ឯកឧត្ដម ឆាង ជាន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រនូវគម្រោងនៃការសាងសង់សួនសហគមន៍កុមារមេត្រី នេះឡើង។សួរនេះ វាពិតជាបានបង្កើតនូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិនកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ