សម្តេច ហេង សំរិន រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ បានធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

15

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ និងមានមាគា៍ត្រឹមត្រូវ ច្បាស់លាស់ បានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលមិននឹកស្មានដល់ ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីទំាងអស់។ របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិស្ទើរតែទាំងស្រុង ទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនរស់នៅតំបន់ដាច់ស្រយាលនានាលែងជួបការលំបាកដូចពេលមុនៗទៀតហើយ ការធ្វើដំណើរទៅមក បានឆាប់រហ័សទាន់ចិត្ដ ជីវភាពរស់នៅរបស់ប្រជាជនមានភាពធូរធារ និងប្រសើរឡើងជាលំដាប់។ បណ្ដាទីក្រុង ដូចជា រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ទីប្រជុំជន មានផ្សារទំនើបធំៗ អាគារបុរីនានា ភូមិគ្រឹះទំនើបៗ និងអគារខ្ពស់ៗរាប់សិបជាន់ បានសាងសង់រួច និងកំពុងសាងសង់ គួរឱ្យមានមោទកភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមជា «ប្រទេសកំពុងអភិវឌ្ឍន៍»។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របងខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។

សមិទ្ធផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់ ជារៀងរហូតមកទំាងខាងវិស័យពុទ្ធចក្រ និងអាណាចក្រ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្បុរសជនទាំងអស់ ជាពិសេសក្រុមការងារដែលបានបរិច្ចាគទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីរួមចំណែកដល់ការកសាងអាគារសិក្សាថ្មីនេះឱ្យមានជារូបរាងឡើង។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការទាំងអស់ ពិសេស លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ និងសូមថ្លែងអំណរគុណចំពោះគុណូបការៈ កិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកទាំងអស់គ្នា ក្នុងការផ្តល់ការអប់រំ សីលធម៌ និងចំណេះដឹងដល់កូនចៅប្រជាពរដ្ឋនៅទូទាំងស្រុកពញាក្រែក ឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិយើង។

សម្តេចបានបញ្ជាក់រាជរដ្ឋាភិបាលបានលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន តាមរយៈការប្រារព្ធទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ តុលា ដែលជាទិវារំលឹកគុណគ្រូសម្រាប់ជាការចងចាំរបស់យុវជនគ្រប់ជំនាន់។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសនាំកូនចៅទៅចុះសិក្សាឲ្យបានគ្រប់គ្នា មានតែចំណេះដឹងទេដែលជាស្ពានពន្លឺផ្លូវជីវិតដ៏ត្រចេះត្រចង់របស់កូនៗគ្រប់រូប ទៅថ្ងៃអនាគត។

សម្តេចក៏បាន លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវបំផុសផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់ បរិស្ថានធម្មជាតិ បង្កើនការដាំដុះរុក្ខជាតិតាមសាលារៀន ប្រែក្លាយបរិវេណសាលារៀនឱ្យពោរពេញដោយបរិស្ថាន  ធម្មជាតិ រំលេចភាពបៃតង ដើម្បីទាក់ទាញឱ្យស្រឡាញ់ការសិក្សារៀនសូត្រនៅតាមសាលារៀន៕