ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ សាស្រ្តាចារ្យ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះខេត្តកោះកុង …

9

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាស្រ្តាចារ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះខេត្តកោះកុង។

នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានសម្តែងនូវការកោតសរសើរដល់មន្ត្រីរាជការទាំងអស់ ដែលនាពេលកន្លងមកបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចស្នូលរបស់ខ្លួនទទួលបានជោគជ័យលើការផ្តល់សេវានានាពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ជូនដល់សិស្សនិស្សិត​ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជននៅក្នុងខេត្ត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពទោះបីស្ថិតក្នុងបរិបទនៃការរីករាកដាលជំងឺកូវីដ១៩​ ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីនោះ ឲ្យខិតខំបំពេញកិច្ចការងារឲ្យកាន់តែមានស័ក្តសិទ្ធិភាពបន្ថែមទៀតស្របតាមការប្រគល់តួនាទីភារកិច្ចជូនពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ ដើម្បីបម្រើប្រជាពលរដ្ឋ និងផ្តល់នូវសេវាគាំពារដល់បងប្អូនកម្មករនិយោជិត​របស់យើងឲ្យមានភាពកក់ក្តៅ និងជំនឿទុកចិត្តមកលើមន្ត្រីរបស់យើងបន្ថែមទៀត​ ជាពិសេសខិតខំផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ​ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩​ និងការបណ្តុះបណ្តាលអោយស្របតាមបទដ្ឋានណែនាំនានា​ ដេីម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព​ ទៅតាមគន្លងប្រក្រតីភាពថ្មី​។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមឲ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងសាស្ត្រាចារ្យ​នៃមជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្តកោះកុង មានសុខភាពល្អ កម្លាំងពលំមាំមួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបម្រើជាតិមាតុភូមិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត​។