ជនសង្ស័យ១នាក់ ក្នុងចំណោម២ នាក់ត្រូវបានប្រជាពលរដ្ឋដេញចា.ប់បានប្រគល់ជូនសមត្ថកិច្ច ករណីលួចកាបូបមិនបានសម្រេច…

31

ភ្នំពេញ ៖ ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាព លួចកាបូបស្ពាយ ដែលជនរងគ្រោះទុកនៅលើម៉ូតូ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខស្រែកឆោឡោនាំគ្នាដេញរហូតដល់ចំណុចផ្លូវរថភ្លើងត្រឡោកបែក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបចាប់បានបក្ខពួកម្នាក់រួមនិងម៉ូតូ មួយគ្រឿងចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង ២០ នាទីយប់ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន មានឈ្មោះ ចាន់ តារា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារជម្ពូវ័នសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ។ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនមានឈ្មោះ អា មី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ​ គេឃើញជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខនពណ៌សលាយផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1AQ-1096 ធ្វើដំណើរទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើក៏ឃើញកាបូបស្ពាយដាក់នៅលើម៉ូតូ ជារបស់ជនរងគ្រោះ រួចនាំគ្នាធ្វើសកម្មភាពបានសម្រេច រួចនាំគ្នាជិះគេចខ្លួនភ្លាមនោះត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាស្រែកចោរៗ នាំគ្នាដេញរហូតមកដល់ចំណុចផ្លូវរថភ្លើងខាងលិចស្តុបត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនិងម៉ូតូមួយគ្រឿង ហើយនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ចំណែកបក្ខពួកម្នាក់ទៀតបានយកកាបូបជនរងគ្រោះរួចរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំរួចបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះសមត្ថកិច្ចកំពុងស្វែងរកយកមកដាក់ពាក្យបណ្ដឹង៕