មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ បង្ក្រាបបទល្មើសនាំចូលសត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

3

ត្បូងឃ្មុំ៖មន្ត្រីជំនាញ នៃ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និង ផលិតកម្មសត្វ បាន បន្តបង្ក្រាបសត្វជ្រូកនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មាន ដែល អង្គភាពសារព័ត៌មាន កម្ពុជាឈ្នះ ទើបទទួលបាន បានអោយដឹងថា នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ , គឺ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ2H-6670 ដឹកសត្វជ្រូករស់ចំនួន២៩ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបម្រុងនឹងយកទៅចែកចាយនៅក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។

សមត្ថកិច្ច បានអោយដឹងថា ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ៧២ ភូមិថ្នល់កែងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅពេលនេះ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕