ជនឆបោក អឿន ធួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនសាជាថ្មី ក្រោយចេញពីពន្ធនាគារមិនបានប៉ុន្មានខែផង

39

កំពង់ស្ពឺ៖ជនឆបោក អឿន ធួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួនសាជាថ្មី តាមដីកាបង្គាប់អោយនាំខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ។ នេះបើតាមប្រភពព័ត៌មានដែលទើបទទួលបាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធាននៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន ពាក់ព័ន្ធបទល្មើសគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ប្រព្រឹត្តនៅភូមិបឹងធ្នង់និងឃុំព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១ តាមមាត្រា២៣២នៃក្រមព្រហ្មទណ្ឌ ។

ការសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួននេះ ក្រោយពីចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យចូលខ្លួនលើឈ្មោះ អឿន ធួន ដើម្បីចូលខ្លួនមកឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរតាមនីតិវិធី ប៉ុន្តែនៅតែមិនទទួលបានលទ្ធផល ។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូន ជនឆបោក អឿន ធួន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា ជនឆបោក ធឿន ធួន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ធ្លាប់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើសឆបោក ដែលក្រោយជាប់ពន្ធនាគារបានរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។

ការចាប់ខ្លួនជនឆបោក អឿន ធួន កាលនោះ គឺ ពាក់ព័ន្ធទៅនឹងឈ្មោះនេះដែលបានរៀបដីឡូតិ៍លក់តាមផ្លូវជាតិលេខ៤១ ទៅឲ្យប្រជាពលរដ្ឋ ។ ប៉ុន្តែតាមការពិត ជនឆបោក អឿន ធួន ពុំមានដីឲ្យប្រជាពលរដ្ឋនោះទេ ទើបប្រជាពលរដ្ឋប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕