តារាហូលីវូដលោកស្រី Angelina Jolie មកដល់កម្ពុជាពិសេសការបង្ហាញវត្តមានរបស់លោកស្រីនៅតំបន់អង្គរខេត្តសៀមរាប..

11

ខេត្តសៀមរាប ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះមានការភ្ញាក់ផ្អើលខ្លាំងជុំវិញការលេចដំណឹងនិងរូបថតនៃការធ្វើដំណើរមកដល់របស់តារាលំដាប់ជួរមុខហូលីវូដលោកស្រី Angelina Jolie មកដល់កម្ពុជាពិសេសការបង្ហាញវត្តមានរបស់លោកស្រីនៅតំបន់អង្គរខេត្តសៀមរាប។

កាន់តែភ្ញាក់ផ្អើលនឹងទប់ចិត្តិមិនសរសើរមិនបានក្រោយពីគេបានដឹងអំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់លោកស្រីលើកនេះគឺស្ថិតក្នុងបុព្វហេតុក្នុងបេសកកម្មដ៏សំខាន់មួយគឺជាការចូលរួមជួយដល់ស្ត្រីខ្មែរ។

ការបញ្ជាក់អំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់តារាហូលីវូដរូបនេះគឺត្រូវបានធ្វើឡើងដោយអាជ្ញាធរអប្សរា បានបង្ហោះខ្លឹមសារទាំងស្រុង ពីមូលហេតុដែល Angelina Jolie ធ្វើដំណើរមកកម្ពុជាពេលនេះ ដោយលើកឡើងថា៖«តារាភាពយន្តហូលីវូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី។

ប្រភពបន្តថាលោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

#

 

សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។

ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។»

ដំណើរមកដល់កម្ពុជារបស់លោកស្រី Angelina Jolie ក៏បាននិងកំពុងតែធ្វើឲ្យសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍មកលើរូបលោកស្រី និងប្រទេសកម្ពុជា ពិសេសការបង្ហាញវត្តមាននៅលើទឹកដីដែលសម្បូរដោយប្រាសាទបុរាណខ្មែរ ដែលគេដឹងថាពិតជាមោទភាពសម្រាប់ប្រជាជនកម្ពុជា៕