សម្ដេចតេជោ ហ៊ុនសែន អំពាវនាវឱ្យពលរដ្ឋចូលរួមជាមួយ រដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យ «កម្ពុជាមួយ គ្មានមីនឆ្នាំ២០២៥»

20

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញសារលិខិត អំពាវនាវឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជំរុញដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

សូមបញ្ជាក់ថា, សារលិខិតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២ សម្តេចតេជោបានលើកឡើងថា សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។

ក្នុងឱកាសនេះ សម្តេចបានអំពាវនាវឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ។ អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងអំពាវនាវដល់ប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីនផងដែរ។

សម្តេចក៏អំពាវនាវដល់ពលរដ្ឋ បើសិនឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកនេះជាដើម។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦ នាក់។

មីនប្រឆាំងមនុស្ស ចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ។

ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ សម្តេចតេជោ ហ៊ុនសែន សូមធ្វើការអំពាវនាវ ដូចតទៅ៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិនិងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលានៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ

ទី២- អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បី កំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ

ទី៣- ប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែក ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ

ទី៤- អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តស្រាវជ្រាវ វិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុង ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»៕