សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង៥០០នាក់

2

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី លើកទី២៤ ចំនួនជាង៥០០នាក់ ខណៈអ្នកចូលរួមសរុបមានចំនួនប្រមាណជាង៦០០នាក់ ស្ថិតនៅអគារG ដឺព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិកា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត…។

តាងនាមតំណាងអោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាង​កក់ក្ដៅដល់សមាជិកា​ សមាជិកគាំទ្រថ្មី  ដែលស្ម័គ្រចិត្ត មកចូលរួម ជាសមាជិក សមាគមកាយ​ឫទ្ធិ​​​​​​នារីកម្ពុជា ក្នុងថ្ងៃនេះ។

លោកជំទាវ បានបញ្ជាក់ថាក្នុងឱកាសនេះផងដែរ សម្ដេចព្រះ មហាក្សត្រី ព្រះវររាជ​មាតា​​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស សមាគមកាយឫទ្ធិនារីកម្ពុជា  តែងតែយកព្រះទ័យ​ទុក​ដាក់ និងគាំទ្រជានិច្ច នូវសកម្ម​ភាព​​​​​អប់រំក្រៅ ប្រព័ន្ធជូនដល់ កុមារី និងយុវតីក្នុង​ប្រទេស តំបន់និងពិភពលោក។    លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានថ្លែងអំណរគុណ ដល់គណៈ​កម្មា​​ការ ប្រតិបត្តិថ្មី ដឹកនាំដោយ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ដែលបានខិតខំ​អស់ពី​កម្លាំងកាយចិត្ត បំពេញ ភារៈកិច្ច តាមគោលការណ៍របស់សមាគមកាយ​ឫទ្ធិនារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ សមត្ថភាព កុមារី យុវតី ឲ្យក្លាយទៅជាស្រ្ដី ភរិយា ម្ដាយ ដែល​ជា​ធនធាន​​ម​នុស្ស​មាន​ប្រយោជន៍ ក្នុងសង្គម និងប្រទេសជាតិ ដើម្បីរួម​ចំណែក​ក្នុង​ការកសាង ការអភិវឌ្ឍន៍ និងថែរក្សាសន្ដិភាព ឲ្យគង់វង្ស ដែលប្រមុខថ្នាក់ ដឹកនាំប្រទេស របស់​យើង​​បាន​​​នាំយកមក ដោយពុះពារ​ឧបសគ្គគ្រប់ បែបយ៉ាង ដើម្បីឲ្យជីវិតរស់នៅរបស់​ប្រជា​ជន​កម្ពុជាល្អប្រសើរ។ ការបណ្ដុះបណ្ដាល និងអប់រំក្រៅប្រពន័្ធ តាមរយៈ សកម្មភាព ផ្សេងៗជាច្រើន នៅតាមបណ្ដាខេត្ត និងជនបទ ដូចជា បើកវគ្គ បណ្ដុះបណ្កាល ភាសាអង់គ្លេស បង្រៀនពីការបណ្ដុះគ្រាប់ពូជ ការដាំដើមឈើ ការគូរគំនូរផាត់ពណ៍ សិប្បកម្មដោយដៃពីផងដែរ ។ សូមសំដែងនូវការអគុណជាអនេក ដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយ​ឫទ្ធិនារី​កម្ពុជា។ ការចូលរួមរបស់ប្អូនៗ​ ក្មួយៗ និងចៅៗទាំងអស់ អាចអោយ សមាគមបន្ដបេសកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា​ ទទួលបានជោគជ័យ។​

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងមានគោលដៅច្បាស់លាស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការសមាគម មួយរយៈមកនេះ ឃើញថា សមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ មានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ មានការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី និងយុវតី មានចំនួនជាង៥០០នាក់ផងដែរ។