លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងសហការី បានចុះពិនិត្យស្ថានភាព និងស្រង់ស្ថិតិជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកន្លែងនៅខណ្ឌឬស្សីកែវ,,,

7

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ២៦ ខែ មករា​ ឆ្នាំ ២០២២​នេះ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងសហការី​ បានចុះពិនិត្យស្ថានភាព និងស្រង់ស្ថិតិជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកន្លែង ដែលបានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២៦ ខែមករានេះ ស្ថិតនៅ​ចំណុច​ផ្ទះ​ផ្ទុកក្រណាត់​បោះ​ដុំ​មួយ​ល្វែង​ ផ្លូវ​បេតុង ក្រុម១ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​ ដែលបណ្តាលឱ្យម្ចាស់ផ្ទះឈ្មោះ ប៉េង សូនី ភេទស្រី និង​ស្ត្រី​ម្នាក់​ទៀត​រងរបួសស្រាល ព្រមទាំង​កូនស្រី​របស់​ម្ចាស់ផ្ទះ​បាន​ស្លា​ប់​បាត់បង់​ជីវិត​នៅពេលបញ្ជូនដល់មន្ទីរពេទ្យ​ រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក្រណាត់​សម្រាប់បោះដុំ និង​រថយន្ត​តូ​យ៉ូ​តា​ព្រូសពណ៌​ទឹកប្រាក់១គ្រឿងរង​ការ​ខូចខាត​ទាំងស្រុង​ ។

នាខណៈនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានសម្តែងនូវការចូលរួមសោកស្តាយ​ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសាររងគ្រោះ ជាពិសេសការបាត់បង់អាយុជីវិតកូនស្រីជាទីស្រលាញ់​ ។ ទន្ទឹមនឹងនេះ​លោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ​ ភ្លេីងទៀន​ ធូប​ ចង្ក្រាន​ ហ្គាស​ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ​ និងការតបណ្តាញអគ្គិសនីប្រេីប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ​ ដេីម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ​ ៕