សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីដាំដើមឈើនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ…

4

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីដាំដើមឈើនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឥស្សរជន លោកជំទាវភរិយាថ្នាក់ដឹកនាំ មន្ត្រី​ បុគ្គលិក​ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និស្សិត និងពុទ្ធសាសនិកជនជាច្រើននាក់ផងដែរ។

ពិធីដាំដើមឈើនាថ្ងៃនេះ គឺជាឱកាសដើម្បីអបអរសាទរនូវសមិទ្ធផលដែលបាននិងកំពុងកសាងជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងជាក្តីមោទនភាពមួយដែលបង្ហាញពីព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់វប្បធម៌ សីលធម៌ និងវិស័យព្រះពុទ្ធសាសនាផងដែរ។ ជាមួយគ្នានេះ ក៏បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលក្រៅពីការផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ក៏មានសកម្មភាពផ្សេងៗទៀតជាច្រើនទៅតាមវិស័យអាទិភាពទាំង៤ ហេីយដែលក្នុងនោះគឺមានការបន្តពង្រឹងភាពធន់សហគមន៍ ការដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថានក្នុងឱកាសនេះផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលបាននិងកំពុងកសាងនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គឺបានមកពីព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងថ្នាក់ដឹកនាំ សប្បុរសជនគ្រប់មជ្ឈដ្ឋានផងដែរ។