សមត្ថកិច្ច ឃា ត់ ខ្លួ នស្ត្រីម្នាក់ដែលប្រើអំពើ ហិ ង្សា វា យ ធ្វើបាប ក្មេ ង

30

ភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រើអំពើហិង្សាវាយធ្វើបាបក្មេងស្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលបានសុំម្ដាយរបស់ក្មេងរងគ្រោះយកមកនៅជាមួយអស់រយៈពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការឃាត់ខ្លួន។

ប្រតិបត្តិការនេះគឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោក វរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវនិងឃាត់ខ្លួនស្រ្តីជាជនសង្ស័យនៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ២៣:៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

នគរបាលបានឱ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ ចាន់ ធីតា  ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា នៅផ្ទះកើតហេតុ។

តាមប្រភពព័ត៌មានបានឱ្យដឹងថាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីជាជនសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពក់សម្រាប់ព្យួរខោអាវវ៉ៃទៅលើក្មេងស្រីរងគ្រោះបណ្ដាលឱ្យរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ហើយមន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញបានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសម្លាញ់។

ចំណែកស្រ្តីជាជនសង្ស័យ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕