លោក គង់ សំណាង អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត រងការចោទប្រកាន់ថា បានធ្វើសកម្មភាពបូមខ្សាច់លុបអាងស្តុកទឹកឬស្រែអ៊ូរ ទំហំ២៤ហិកតា

14

កំពត៖លោក គង់ សំណាង អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពតនិងបក្ខពួក រងការចោទប្រកាន់ថា កំពុងធ្វើសកម្មភាពបូមខ្សាច់លុបអាងស្តុកទឹកឬស្រែអ៊ូរ នៅកំឡុងដើមឆ្នាំ២០២០ កន្លងមកនេះ ជាហេតុនាំឲ្យមានការខកខានដល់កិច្ចដំណើរការផលិតកម្មអំបិល ។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសនិងនវានុវត្តន៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ដែលលិខិតនេះបានគោរពជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីចាត់វិធានការច្បាប់ចំពោះ បុគ្គលឈ្មោះ គង់ សំណាង និង បក្ខពួក ។

តាមលិខិតដែល VPN ទើបទទួលបាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ គឺ លោក ចម ប្រសិទ្ធ បានរៀបរាប់ថា រហូតមកដល់បច្ចុប្បន្ននេះ មានជនខិលខូចមួយចំនួនបាននិងកំពុងតែព្យាយាមលក់ដីស្រែអំបិលដែលជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋនិងមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ ។ ជាក់ស្ដែង ករណីដីស្រែអំបិល ក្រុមសាមគ្គីអំបិលមានសមាជិកចំនួន៦ក្រុម ទំហំ២៤ហិកតា ដែលមានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបាន លោក គង់ សំណាងនិងបក្ខពួក បានបូមខ្សាច់លុបអាងស្តុកទឹក ឬ ស្រែអ៊ូរ នៅកំឡុងដើមឆ្នាំ២០២០ កន្លងមកនេះ ជាហេតុនាំឲ្យមានការខកខានដល់កិច្ចដំណើការផលិតកម្មអំបិល ។

លោក ចម ប្រសិទ្ធ បន្តថា បើទោះបីជាមានកិច្ចអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការទប់ស្កាត់ការរំលោភបំពានលើដីស្រែអំបិល ក៏បុគ្គលរូបនេះដែលសំដៅលើលោក គង់ សំណាង នៅតែបន្តបំពាននិងរំខានដល់ការចុះបញ្ជីដីធ្លីរបស់មន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ខេត្តកំពត តាមរយៈការប្ដឹងជំទាស់លើការបិទផ្សាយប័ណ្ណកម្មសិទ្ធិជាសាធារណៈ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងទៀតថា ដីស្រែអំបិលរបស់ក្រុមសាមគ្គីផលិតអំបិលទាំង៦ក្រុម ទំហំ២៤ហិកតានេះ ត្រូវបានរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់តាមរយៈលិខិតលេខ១៤៣២ «សជណ» ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សូមឲ្យលោកអភិបាលខេត្តកំពត ជួយជំរុញប័ណ្ណកម្មសិទ្ធិជូនក្រុមសាមគ្គីផលិតអំបិលនិងចាត់វិធានការចំពោះបុគ្គលឈ្មោះ គង់ សំណាង និងបក្ខពួកតាមផ្លូវច្បាប់ជាធរមាន ។
មជ្ឈដ្ឋានមួយចំនួន កំពុងទន្ទឹងរង់ចាំមើលថា តើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលកំពុងទទួលបានប្រជាប្រិយភាព នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបែបណា ចំពោះ លោក គង់ សំណាង អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពត និង បក្ខពួក ពាក់ព័ន្ធករណីបូមខ្សាច់លុបអាងស្តុកទឹក ឬ ស្រែអ៊ូរ ទំហំ២៤ហិកតា នេះ ៕