ព្យុះទីហ្វុង Rai កំពុងវាយប្រហារប្រទេសហ្វីលីពីន ដែលបង្ខំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង

25

ព្យុះទីហ្វុងរ៉ៃដ៏អាក្រក់មួយកំពុងបោកបក់កាត់ប្រទេសហ្វីលីពីន និងបង្ខំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ មន្ត្រីអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា ព្យុះទីហ្វុង Rai បានឆ្លងកាត់កោះ Cebu និងផ្នែកផ្សេងទៀតនៃភាគកណ្តាលនៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបំផ្លាញផ្ទះសម្បែង និងបណ្តាលឱ្យមានទឹកជំនន់ជាច្រើនកន្លែង។ ព្យុះមានល្បឿនប្រមាណ ២៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង ។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មនុស្សចំនួន ៣៣២,០០០ នាក់ បានភៀសខ្លួនទៅសាលារៀនក្បែរនោះ និងកន្លែងស្នាក់នៅផ្សេងទៀត គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ ក្រុមមន្ត្រីក៏បាននិយាយដែរថា ពួកគេជឿថា របាយការណ៍នៃអ្នកស្លាប់ និងការខូចខាតនឹងកើនឡើងបន្ថែមទៀត ដោយសារព្យុះទីហ្វុងនេះបានវាយប្រហារតំបន់ទាំងនោះទាំងកណ្ដាលយប់។ ព្យុះទីហ្វុង Rai ត្រូវបានគេរំពឹងថា នឹងបោកបក់មកលើកោះភាគខាងលិចនៃ Palawan នៅថ្ងៃសុក្រនេះផ្ទាល់ផងដែរ៕