ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។
ដោយឡែក ពាក់ព័ន្ធការឡើងកម្ដៅលើបញ្ហាព្រំដែន សម្ដេចបវរធិបតី បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជាឱ្យ៖ ទី១.រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
និងទី២.ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
សូមរម្លឹកផងដែរ កាលពីម្សិលមិញនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហោះសារតាមបណ្តាញសង្គមថា ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។ សម្តេចសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
ក្នុងសារដដែលនោះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សូមបញ្ជាក់សាជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព៕ ដោយ៖ កន ចំណាន