បន្ទាប់ពីមានបញ្ហាជម្លោះប្រដាប់អាវុធនៅតំបន់មុំបីខេត្តព្រះវិហារកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅដែលបណ្ដាលឲ្យទាហានខ្មែរមួយរូបទទួលមរណភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មការព្រំដែនចម្រុះ រៀបចំកិច្ចប្រជុំជាមួយភាគីថៃ ព្រមទាំងត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតីនៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។
ខ្លឹមសារនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចតទៅ៖
ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។
ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷
១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕