សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាក់កាលទី២

20

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ .អ .ប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន្ថពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត មន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញប្រមាណ៣០០នាក់ និងអ្នកចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់ ដែលរួមមានថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។

ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះមានគោលបំណងដើម្បីបង្ហាញអំពីសមិទ្ធផលនិងបញ្ហាប្រឈមនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) ព្រមទាំងផ្សព្វផ្សាយអំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផលរំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍រំលឹកឡើងវិញអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការនៃការអនុវត្តកំណែទម្រង់វិជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដោយសម្តេចក្រឡាហោម បានមានប្រសាសន៍ថា ជាទូទៅ

វិមជ្ឈការ និង វិសហមជ្ឈការត្រូវបានគេចាត់ទុកថាគឺជាយុទ្ធសាស្ត្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងអភិបាលកិច្ចក្នុងការគ្រប់គ្រង ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័សទៅនឹងសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានយកទៅអនុវត្តនៅក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរដ្ឋបាលមូលដ្ឋាននៅតាមបណ្តោយប្រទេសជាច្រើនលើពិភពលោក មិនថាប្រទេសនោះជាប្រទេសតូច ឬប្រទេសធំ ជារដ្ឋទោល ឬជារដ្ឋសហព័ន្ធ ឬជាប្រទេសដែលកាន់របបនយោបាយបែបណានោះឡើយ ហើយប្រទេសនីមួយៗអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការដោយមានមូលដ្ឋានផ្សេងៗគ្នា និងផ្អែកទៅតាមកត្តានយោបាយ ភូមិសាស្ត្រ ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងលក្ខណៈពិសេសផ្សេងៗទៀត។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានផ្តល់អនុសាសន៍ដោយសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា ត្រូវបន្តរួមគ្នាឱ្យកាន់តែសកម្ម ប្រកបដោយផ្លែផ្កាថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលគ្រោងទុក។

សូមបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕