ខេត្ត ៣របស់កម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចពិភាក្សាដើម្បីបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនាយករដ្ឋមន្ត្រីឡាវ និងខេត្ត២របស់ឡាវដែលនៅជាប់ព្រំដែនកម្ពុជា…

2

អភិបាលនៃគណៈអភិបាលខេត្ត ៣របស់កម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចពិភាក្សាដើម្បីបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាមួយនាយករដ្ឋមន្ត្រីឡាវ និងខេត្ត២របស់ឡាវដែលនៅជាប់ព្រំដែនកម្ពុជា ។

គណៈអភិបាលខេត្តទាំង ៣របស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីឡាវនោះ គឺខេត្តព្រះវិហារ ,ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជាខេត្តជាប់ព្រំដែនឡាវ ដោយបានធ្វើឡើងតបតាមការអញ្ជើញរបស់ អភិបាលខេត្តចំប៉ាសាក់ និងខេត្តអាត់តាពើ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកខូង ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

គណៈប្រតិភូខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តមប្រាក់ សុវណ្ណ ,ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តមស្វាយ សំអ៊ាង និងខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន ដែលជាអភិបាលនៃគណៈអភិបាលខេត្ត ស្ថិតនៅភាគខាងជើងនិង ឦសាន្តកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ផនខាំ វីផាវ៉ាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្តែងការអរគុណ ជាពន្លឹកចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូននូវ វ៉ាក់សាំងកូវីដ-១៩ រថយន្តផ្ទុកវ៉ាក់សាំង ក៏ដូចជា ថវិកា ជូនរដ្ឋាភិបាលនិងប្រជាជនឡាវ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានបង្ហាញពីភាពស្និទ្ធស្នាល ក្នុងការរឹតចំណងមិត្តភាពជិតស្និទ្ធ និងរាក់ទាក់បំផុតរវាងប្រទេស ទាំងពីរ កម្ពុជា-ឡាវ ក៏ដូចខេត្តដែលនៅជាប់ព្រំដែនរួមគ្នា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានជំរុញឱ្យមានការលើកកម្ពស់ ទំនាក់ទំនង រវាងកម្ពុជា-ឡាវ ឱ្យឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ ,សន្តិសុខ ,សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឲ្យបានខ្លាំងក្លាថែមទៀត។

ឯកឧត្តម ផនខាំ វីផាវ៉ាន បានជំរុញអភិបាលខេត្តទាំងពីររបស់ឡាវ ដែលនៅជាប់ព្រំដែនកម្ពុជា គឺខេត្តចំប៉ាសាក់ និងខេត្តអត់តាពើ ត្រូវរួមសហការគ្នាជាមួយ ខេត្តព្រះវិហារ ,ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ឲ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីបម្រើផលប្រយោជន៍ គ្នាទៅវិញទៅមក ឱ្យបានកាន់តែល្អប្រសើរ ថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ថា ទាំងអស់ខាងលើនេះ គឺជាការឆ្លើយតបនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឱ្យខ្សែព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍ប្រកបដោយចីរភាព៕ប្រភព÷ក្រសួងព័ត៏មាន