នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណនាយករដ្ឋមន្រ្តីវៀតណាម ដែលផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

17

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណនាយករដ្ឋមន្រ្តីវៀតណាម ដែលផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ហាណូយ

ឯកឧត្តម

ខ្ញុំ និងភរិយាបានទទួលដោយអំណរគុណដ៏ជ្រាលជ្រៅនូវសាររំលែកទុក្ខរបស់ឯកឧត្តមផ្ញើជូនខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្ញុំ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំ និងភរិយាមានក្តីរំភើបណាស់ចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលបានចូលរួម មរណទុក្ខ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងខ្ញុំទាំងអស់គ្នាកំពុងតែសោកសៅឥតឧបមា ដោយសារការបាត់បង់ដ៏ធំធេងនេះ។

ខ្ញុំ សូមជូនពរឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងបន្តជោគជ័យគ្រប់ភារកិច្ច។ សូម ឯកឧត្តម ទទួលនូវការរាប់អានជ្រាលជ្រៅពីខ្ញុំ ៕