អបអរសាទរក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)

6

ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ និងដង្ហែពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ប្រមាណជាង១០០០នាក់ នៅមុខបរិវេណមុខអគារសារមន្ទីររដ្ឋបាលខេត្តបាត់ដំបង និងដង្ហែតាមផ្លូវធំៗមួយចំនួនក្នុងក្រុងបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការប្រារព្ធពិធីនេះទៅបាន គឺបន្ទាប់ពីក្រុងបាត់ដំបងនៃខេត្តបាត់ដំបង រួមជាមួយទីក្រុងចំនួន២ទៀតរបស់ប្រទេសកម្ពុជា មានទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទីក្រុងសៀមរាបនៃខេត្តសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ ហើយពិធីទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ បានធ្វើឡើងនៅខេត្តព្រះសីហនុ នាពេលកន្លងមកថ្មីៗនេះ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺមិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំទើបធ្វើឱ្យខេត្តបាត់ដំបងមានថ្ងៃនេះ ។

ឯកឧត្តម បានលើកបង្ហាញឲ្យដឹងបន្ថែមទៀតថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីចូលរួមលើកម្ពស់វិស័យទេសចរណ៍របស់ជាតិ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ខណៈពេលដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ថា ជាមាសបៃតងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង ។

ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំ ដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទៀត ជាពិសេសលើការងារគ្រប់គ្រងបរិស្ថាន កាកសំណល់រឹងរាវឱ្យបានល្អ និងកត្តាសំខាន់ៗផ្សេងៗទៀត ទើបទីក្រុងយើងរក្សាបាននូវនិរន្តរភាពជាទីក្រុងស្អាតនៅពេលក្រោយៗទៀត ៕