សម្តេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងភ្នាក់ងារសន្តិសុខត្រូវមានជំហរអព្យាក្រឹត គោរពច្បាប់និងបទបញ្ជាស្តីពីការបោះឆ្នោត

9

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារសន្តិសុខត្រូវមានជំហរអព្យាក្រឹត គោរពច្បាប់និងបទបញ្ជាស្តីពីការបោះឆ្នោត និងត្រូវមានក្រមសីលធម៌ ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយទាំងអស់ បេក្ខជនទាំងអស់ វាគ្មិន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបផងដែរ។ នេះបើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម បានក្រើនរំលឹកទៅដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ កងកម្លាំង ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដែលជាដំណាក់កាលយ៉ាងសំខាន់។ ដោយកម្លាំងទាំងអស់ត្រូវសហការជាមួយប្រធានការិយាល័យបោះឆ្នោតដើម្បីម្ចាស់ការគ្រប់គ្រងសភាពការណ៍នៅតាមការិយាល័យបោះឆ្នោតឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោមក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខនេះ ក៏ដូចជាការបោះឆ្នោតជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ មិនមានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវយុត្តិធម៌ និងមានតម្លាភាព៕