សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជនត្រូវចោទ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ…

143

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប Facebook ដែលមាន ឈ្មោះ Duong Ngeap “ឌួង ងៀប ! ដោយបញ្ជាក់ថា, កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០ នាទីយប់ បណ្តាញទំនាក់ទំនងសង្គម Facebook ដែលមាន ឈ្មោះ Duong Ngeap “ឌួង ងៀប បានបង្ហោះបវីដេអូមួយ និងមានការចែកចាយតៗគ្នា ក្រោមការចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថាបានឆបោកជនជាតិតៃវ៉ាន់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា សំណុំរឿង ព្រហ្មទណ្ឌលេខ៧២១៧ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ លើឈ្មោះ ឌួង ងៀប តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។

ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន ៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ២១៣៩៨៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ ២,០០០.០០០$ ទៅឲ្យដើមបណ្តឹង រដ្ឋប្បវេណី។

បន្ទាប់មក – ដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានប័ត្រទាំង៣សន្លឹកនោះទៅបើកប្រាក់នៅធនាគារ ប៉ុន្តែ ខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។

 

ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញផ្លូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៧៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវ ឲ្យជនត្រូវចោទ ដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៧.០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។

ដោយ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការ បន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕