សមត្ថកិច្ចរឹបអូសឧបករណ៍អួនអូសទឹកសាប ឆក់ត្រជាក់ ក្ដៅ ដែលក្រុមជនប្រព្រឹត្តយកទៅប្លុងចោល

10

ខេត្តពោធិ៍សាត់ ៖ លោក ហុក ប៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយមន្ត្រីនគរបាល បរិស្ថាន និងយោធា ស្រាវជ្រាវជនប្រព្រឹត្តបទល្មើសច្បាប់ស្ដីពីជលផល ដោយរឹបអូសឧបករណ៍ជាវត្ថុតាងអួនអូសទឹកសាប(ឆក់ត្រជាក់ ក្ដៅ)ដែលគេយកទៅប្លុងចោលនៅកន្លែងមួយ ។

ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផល កម្លាំងរុករកឃើញឧបករណ៍ខុសច្បាប់ស្ដីពីជលផល ប្រភេទអួនអូសទឹកសាបក្រឡាល្អិត(ឆក់ត្រជាក់.ក្ដៅ)មានៈ ទី.១ ទូកសំប៉ានទំហំ៨,៥ម៉ែត្រ គុណនឹង១,៩ម៉ែត្រ គុណនឹង០,៩ម៉ែត្រ ចំនួន១គ្រឿង(ផ្ទុកសាច់អួន)ទី.២ ទូកសំប៉ានទំហំ៧,៥ម៉ែត្រ គុណនឹង១,៩ម៉ែត្រ គុណនឹង០,៩ម៉ែត្រ ចំនួន១គ្រឿង(ផ្ទះយកសាច់អួន)ទី.៣ កាណូតបាឡាឈើទំហំ៨,៥ម៉ែត្រ គុណនឹង១,៥ម៉ែត្រ គុណនឹង១ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីយ៉ាន់ដាយ កំលាំង១៦០សេះ ចំនួន១គ្រឿង និងទី.៤ កាណូតបាឡាឈើទំហំ៨,៥ម៉ែត្រ គុណនឹង១,៥ម៉ែត្រ គុណនឹង១,១ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ដេប៉ូ កំលាំង១៨០សេះ ចំនួន១គ្រឿង ផ្ទុកសាច់អួនហុំប្រវែង៦០០ម៉ែត្រ គុណនឹង១២ម៉ែត្រ គុណនឹង៦ម៉ែត្រ ក្រឡា០,០២ម៉ែត្រ – ០,០១២ម៉ែត្រ ចំនួន២វង់ ។

លោក នាយកខណ្ឌបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងអួនអូសទឹកសាប(ឆក់ត្រជាក់.ក្ដៅ)ទាំងអស់រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្ថិ៍នគរបាលរដ្ឋបាលរាំងទិល រងចសម្រេចរបស់ថ្នាក់លើ ករណីនេះកម្លាំងបន្តសហការស្រាវជ្រាវរុករកឲ្យដូចភ្លៀងរលឹម ៕