ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

1

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ជួយសម្រួលដល់ភ្នាក់ងារសន្ដិសុខឯកជន នូវកិច្ចការចំនួនដូចខាងក្រោម៖

ទី១៖ ត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណដល់ភ្នាក់ងារសន្ដិសុខឯកជន (ដែលក្រុមហ៊ុនបានរក្សាទុក)។

ទី២៖ ត្រូវជួយសម្រួលដល់ពេលវេលាឈប់សម្រាក ដល់ភ្នាក់ងារសន្ដិសុខឯកជន ក្នុងថ្ងៃបោះឆ្នោត។

ទី៣៖ ត្រូវណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបម្រើឲ្យការបោះឆ្នោត ត្រូវទៅបំពេញបែបបទឯកសារឲ្យបានគ្រប់គ្រាន់។

ទី៤៖ ត្រូវជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រាប់ទៅកាន់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ថា ថ្ងៃនេះឱកាសដ៏សំខាន់ក្នុងការបន្ដបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ឲ្យមានសមត្ថភាពពេញលេញ ដើម្បីចូលរួមកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព តាមបណ្ដាគោលដៅ ក៏ដូចជាសង្គមជាតិទាំងមូល។

ឯកឧត្តមប្រធាននាយកដ្ឋានរូបនេះ បានបន្ដថា វិស័យសន្ដិសុខឯកជនពិតជាមានសារៈសំខាន់ដែលមិនអាចកាត់ផ្ដាច់បាន វិស័យសន្ដិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្ដិសុខឯកជន ពោពេញទៅសមត្ថភាពពេញលេញ។ ហេតុដូច្នេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្ដិសុខឯកជន លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ចំនួន៣៧លើក ហើយក្នុងនោះភ្នាក់ងារសន្ដិសុខឯកជន ប្រមាណ៦,០០០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលនេះ៕