សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វែងរកដៃគូធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា

10

ខេត្ត សៀមរាប  ៖  នៅព្រឹកថ្ងៃទី០៤ ខែមេសា  ឆ្នាំ ២០២២នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានជំរុញឱ្យលោក ទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូដែលជាក្រុមហ៊ុនឯកជន ធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាស ជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជាប្រព័ន្ធដឹកជញ្ជូនបុរាណ ហួសសម័យ ធ្វើដំណើរយឺតៗមួយម៉ោង២០-៣០គីឡូម៉ែត  ពោលគឺចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការចរាចរណ៍ឆាប់រហ័ស។

បន្ថែមពីនេះ   សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ថា៖ សន្តិភាព ដែល កម្ពុជា  រក បាន ដោយ លំបាកបំផុត នា ពេល នេះ គឺយើង ត្រូវ នាំគ្នា ថែរក្សា ឲ្យ បាន គង់ វង្ស កុំ ចាំ ដល់ពេល បាត់ បង់ ទៅហើយ ទើបនាំគ្នា ស្រែក រក សន្តិភាព។

ទន្ទឹមនឹងនេះ  សម្តេចតេជោ បាន លើក ឧទាហរណ៍ជាក់ ស្តែង  ករណីសង្គ្រាម ដែល បាន និង កំពុង កើត ឡើង នៅ ប្រទេស អ៊ុយក្រែន ពេល មាន សង្គ្រាម ទើប ស្រែក រក សន្តិភាព៕