អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ មុនពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២

10

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអោយដំណើរការនៃពិធីខាងលើនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ នៅរសៀលថ្ងៃទី២៩ មីនានេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងក្រុមហ៊ុនទទួលម៉ៅការ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីតាំងនៃពិធី ដែលស្ថិតនៅខាងលិចស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយមន្រ្តីជំនាញនិងអាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធត្រូវសំអាតការងារដែលនៅសេសសល់ ដូចជាសំអាតដី កំទេចកំទី អោយបានស្អាត់ ពោលគឺដល់ថ្ងៃនៃការចាប់ផ្តើមពិធី គឺស្អាតទាំងអស់តែម្តង។ បន្ថែមពីនេះ ការពង្រឹងលើការងាររៀបចំសណ្តាប់ធ្នាប់ និងការងារសន្តិសុខ ក៏ត្រូវបាន ឯកឧត្ដម  ឃួង ស្រេង ណែនាំ អោយអនុវត្តអោយបានល្អប្រសើរផងដែរ។

ពាក់ព័ន្ធនិងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយដើម្បីអោយប្រជាពលរដ្ឋបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះ ឆ្លងកាត់ ផ្លូវប្រសព្វចោមចៅ ( អតីតរង្វង់មូលចោមចៅ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះផងដែរ ពោលគឺចាប់ផ្តើមបិទនិងបញ្ជៀសចរាចរ ចាប់ពីម៉ោង៥ព្រឹក រហូតកម្មវិធីត្រូវបានបញ្ចប់។