បុរសម្នាក់អួតខ្លួនជាមន្រ្តីក្រសួងបើករថយន្តស៊េរីទំនើបបញ្ច្រាសផ្លូវហើយនិយាយថាគាត់បត់រថយន្តចូលផ្ទះឥឡូវចង់យ៉ាងម៉េច?

24

ភ្នំពេញ ៖ បុរសម្នាក់អួតខ្លួនជាមន្រ្តីធ្វើការនៅក្រសួងមួយ បានបើករថយន្តម៉ាកTUNDRA ទាំងបញ្រ្ចាសផ្លូវរៀបទៅបុករថយន្តម៉ាកSUZUKI មួយគ្រឿងទៀតដែលបើកស្របទិសនៅពីមុខ រួចចុះពីរថយន្តមកឈ្លោះប្រកែកគ្នាផ្អើលដល់អ្នកដំណើរតាមដងផ្លូវធ្វើឱ្យកកស្ទះចរាចរណ៍ជិតមួយម៉ោង។

ហេតុការណ៍ដ៏គួរឱ្យហួសចិត្តនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកSUZUKI ពណ៌ស្លែ ពាក់ស្លាកលេខ ONG2002-546 តាមបណ្តោយផ្លូវព្រះ

នរោត្ដមក្នុងទិសដៅពីស្ពានអាកាសក្បាលថ្នល់សំដៅទៅវិមានឯករាជ្យ។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BO-8073 បើកបរដោយបុរសវ័យខ្ទង់៣៥ឆ្នាំម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅបញ្រ្ចាស់ផ្លូវពីជើងមកត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែចង់ជ្រុលទៅបុករថយន្ត ម៉ាក SUZUKI ដែលនៅពីមុខ ហើយមិនព្រមងាកចេញឡើយ។បន្ទាប់មកម្ចាស់រថយន្ត SUZUKI បានចុះពីលើរថយន្តដើរទៅសួរថា  បងដឹងខ្លួនឯងបើករថយន្តបញ្ច្រាសផ្លូវចរាចរណ៍ទេ? នេះបើខ្ញុំជាន់ហ្វ្រ័ងមិនទាន់វិញមិនគ្រោះថ្នាក់ខ្ញុំទៅហើយទេឬ? ក្រោយមកបុរសអ្នកបើករថយន្តស៊េរីទំនើបបានតបមកវិញថា គាត់ជាមន្រ្តីក្រសួង១រូប ហើយគាត់បត់ចូលផ្ទះ  ឥឡូវចង់យ៉ាងម៉េច? ពេលឮសំដីបែបនេះ អ្នកបើករថយន្តSUZUKIក៏មានអារម្មណ៍ខឹងយ៉ាងខ្លាំង ក៏បានតេទៅប្ដឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យចុះមកធ្វើអន្តរាគមន៍។