ព្រោះតែឪពុកនិងម្តាយខ្វះការអត់ឱនឲ្យគ្នា ទើបបណ្តាលឲ្យកូ…នស្រីអា…យុ១ខួ..ប៧ខែ ស្លា….ប់បាត់..បង់ជី..វិត…

66

ខេត្តបន្ទាយមានជ័យ ៖ ទារកមានអាយុទើប១ខួប៧ខែ រងរបួសធ្ងន់ ក្រោយមកក៏បាត់បង់ជីវិតខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។​ ករណីបង្កឲ្យទារកស្លាប់នេះ បណ្តាលមកពីកើតមានអំពើហឹង្សាដោយចេតនារវាងឪពុកនិងម្តាយកុមារីរងគ្រោះ នៅវេលាម៉ោង១០យប់ ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារបានឲ្យដឹងថា ៖ ជនដៃដល់ឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំជាឪពុក និងម្តាយកុមារីរងគ្រោះឈ្មោះ ខន ខួច អាយុ៣៨ឆ្នាំ គ្រួសារនេះ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍បន្ទាយឆ្មារបានបញ្ជាក់ថា ៖ ក្រោយពីកើតហេតុជនដៃដល់ត្រូវបានកម្លាំងនគរ​បាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ធ្វើការចាប់ឃាត់ខ្លួនហើយបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសួរនាំ ។

នគរបាលបានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ នៅមុនពេលកើតហេតុ ខ្លួនបានមកពីស៊ីឈ្នួលដកដំឡូងមី ក្រោយពីងូតទឹករួចក៏ចេញពីផ្ទះទៅផឹកនៅផ្ទះមិត្តភ័ក្រ្តធ្វើការជាមួយគ្នា ពេលត្រឡប់មកផ្ទះវិញក៏មានជម្លោះឈ្មោះប្រកែកគ្នាជាមួយប្រពន្ធនិងត្រូវប្រពន្ធជេត្មិៈតេះដៀលដល់ពូជអំបូរ ដោយស៊ូទ្រាំមិនបាន ម្យ៉ាងវិញទៀតដោយអំណាចជាតិស្រាចូលពោះផងនោះ ទប់ចិត្តមិនបានក៏ទាញកៅអីជ័រវាយសំដៅទៅលើប្រពន្ធកំពុងដេកជេរនៅក្នុងមុងមិនត្រូវប្រពន្ធបែរជាត្រូវកូនស្រី ដែលកំពុងដេកក្បែរម្តាយ០១កៅអីចំសៀតថ្ការខាងស្តាំបណ្តាលឲ្យរបួសធ្ងន់និងត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅនិងមន្ទីពេទ្យតែម្តង ។

សពក្មេងស្រីរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យ ។ ចំណែកជនដៃដល់ជាឪពុកត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕