បើកល្បែងភ្នាល់ទឹកភ្លៀង ខ្នាតធំនៅខេត្តបាត់ដំបង កំពុងរត់ការជាបណ្តើរៗហើយ…

54

ខេត្តបាត់ដំបង៖ មេល្បែងឈ្មោះ តាល់ ចាប់ផ្ដើមបើកល្បែងភ្នាល់ទឹកភ្លៀង ខ្នាតធំនៅខេត្តបាត់ដំបង កំពុងរត់ការជាបណ្តើរៗហើយ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា​ បច្ចុប្បន្នមេល្បែងឈ្មោះ តាល់ ចាប់ផ្ដើមបើកល្បែងភ្នាល់ទឹកភ្លៀងយ៉ាងពេញទំហឹងនៅក្នុងក្រុងបាត់ដំបង ហើយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ​ លូ អភិបាលខេត្តបាត់ដំបង គួរពិនិត្យឡើងវិញខ្លះផង ព្រោះល្បែងស៊ីសងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ដោយហេតុថាឈ្មោះ តាល់ មានខ្នងបង្អែករឹងមាំ ទើបអាចបើកល្បែងភ្នាល់ទឹកភ្លៀងផ្ដាច់មុខខេត្តបាត់ដំបង ហើយប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។

ប្រភពស្នឹទ្ធនឹងមេល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំល្បែងភ្នាល់ទឹកភ្លៀងត្រូវបើកលេងចាប់ពីខែឧសភា ដើមរដូវវស្សា ប៉ុន្តែនៅឆ្នាំ២០២២នេះល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើមតាំងពីខែមីនាមកម៉្លេះ ការដែលឈ្មោះ តាល់ ចាប់ផ្ដើមបើកល្បែងភ្នាល់ទឹកភ្លៀងតាំងពីដើមខែមីនា គឺជាវិធីប្រមូលអតិថនឲ្យបានច្រើន ហើយក៏មានអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេងដែរ។ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងបាត់ដំបង មិនហ៊ានប៉ះពាល់មេល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ នោះទេព្រោះដឹងថា មេល្បែងរូបនេះមានខ្នងបង្អែកក្រាស់ ដូច្នេះហើយទើបបុគ្គលឈ្មោះ តាល់ អាចធ្វើអ្វីៗតាមអំពើចិត្ត។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាន​ បានឲ្យដឹងទីតាំងល្បែងភ្នាល់ទឹកភ្លៀងរបស់បុគ្គលឈ្មោះ តាល់ តែងតែចល័តនៅតាមអគារខ្ពស់ៗជាច្រើនកន្លែងក្នុងក្រុងបាត់ដំបង ប៉ុន្តែទីតាំងគោលដៅសំខាន់ គឺនៅខាងក្រោយផ្សារភូពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងភ្នាល់ទឹកភ្លៀងមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន ដោយចាក់ភ្នាល់ចាប់ពី 100ដុល្លារ ទៅដល់រាប់ពាន់រាប់ម៉ឺនដុល្លារ ហើយមេល្បែងឈ្មោះ តាល់ ប្រមូលលុយយ៉ាងស្រួលៗ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក​ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក​ សុខ លូ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនេះផង។