ទីតាំងនាំជ្រូកចូលពីប្រទេសថៃខុសច្បាប់នៅឃុំអូរបីជាន់ ត្រូវសមត្ថកិច្ចបង្រ្កាប

17

ខេត្តបន្ទាយមានជ័យ ៖ សម្ថកិច្ចចម្រុះ មានមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកអូរជ្រៅ  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅនិងមន្រ្តីពាក់ព័ន្ធ ដឹកនាំសម្របសម្រួលដោយលឹម ប៊ុន សុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែមករា ឆ្នាំ ២០២២ បានចុះបង្ក្រាបទីតាំង លួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃនិងផលិតផលពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់  ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា៖ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផលមានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃនិងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះតាំ ជ័យ ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ន  នៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកប្រធានការិយាល័យ បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងលែងសត្វជ្រូករស់ប្រមានជា៧០ក្បាលឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ០២ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះ តាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ ។

ជាមួយគ្នានោះ​សមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចចំនួន០៩ក្បាល។

លោកហ៊ុយ ទូច បានបញ្ជាក់ថា៖ តាមការណែនាំពីលោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ  ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យា​បាលខេត្ត រៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ ៕