សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ចំនួន៦នាក់

31

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈបានចំនួន៦នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៦នាក់ ទី១.ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ ២០ឆ្នំា មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះ ជួន សូម៉ាត្រា (ហៅ ចេក) ភេទប្រុស អាយុ ២៥ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ, ទី៣.ឈ្មោះ អៀង សាន់ថៃ (ហៅ ឆៃ) ភេទប្រុស អាយុ ២៥ឆ្នំា មុខរបរ និងស្នាក់នៅមិនពិតប្រាកដ, ទី៤.ឈ្មោះ សោម វិចិត្រ (ហៅ ចិត្ត) ភេទប្រុស អាយុ ៤២ឆ្នំា មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ, ទី៥.ឈ្មោះ សំ សុផាត (ហៅ ផា) ភេទប្រុស អាយុ ៣៥ឆ្នំា មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ, ទី៦.ឈ្មោះ ជួន វីរៈ (ហៅ អូន) ភេទប្រុស អាយុ ៣៣ឆ្នំា មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ដកហូតសម្ភារៈមួយចំនួន៖ ម៉ូតូម៉ាកហុងដាស្កុបពី ចំនួន១គ្រឿង, កាបូប ចំនួន៤, អត្តសញ្ញាណប័ណ្ណ ចំនួន ០៤សន្លឹក, កាតចាក់វ៉ាក់សាំង ចំនួន៧សន្លឹក, ប័ណ្ណ (ប.ស.ស) ចំនួន២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានល្បាតក្នុងមូលដ្ឋានចំណុចងាយរងគ្រោះ ស្រាប់តែឃើញជនសង្ស័យម្នាក់ ជិះម៉ូតូអត់ពាក់ស្លាកលេខ ដោយមានការសង្ស័យទើបធ្វើការឃាត់ខ្លួនដើម្បីសួរនាំ ក្រោយពីសួរនាំជននោះបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុងតែម្តង និងមានបក្ខពួកផ្សេងទៀត។ បន្ទាប់មកទើបកម្លាំងនាំជនសង្ស័យយកទៅបក្ខពួកទៀតតែម្តង។បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត៕