សំណង់រឹងមាំលយចូលក្នុងទន្លេមេគង្គ នៅតែបន្តសាងសង់យ៉ាងរំភើយ

5

ខេត្តកណ្តាល ៖ រឿងសំណង់ផ្ទះល្វែងដែលខ្លះថា វីឡាកំពុងសាងសង់លយចូលក្នុងទន្លេមេគង្គនៅក្រុងអរិយក្សត្រ មិនទាន់កំចាត់បានទេ ព្រោះរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមជាងដែលកំពុងដឹកជញ្ជូនថ្ម ឥដ្ឋ ខ្សាច់ បំរុងបន្តការសាងសង់សំណង់រឹងមាំមួយកន្លែងរំលោ.ភចូលចំណីទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល សង់របងថ្ម រួចរាល់បានប្រហែលជា៨០ភាគរយហើយ។ ប៉ុន្តែក្រោយពីឃើញក្រុមអ្នកសារព័ត៌មានទៅថត ទើបក្រុមជាងទាំងនោះទាញទូរស័ព្ទតេនិយាយបានមួយសន្ទុះ ក៏ផ្អាកធ្វើការ រួចនាំគ្នាជិះម៉ូតូចេញពីការដ្ឋានសំណង់បាត់ស្រមោលអស់ទៅ។

ប្រភពព័ត៌មាននិយាយថា ដីមួយជួរតាមដងទន្លេមេគង្គខាងលិចផ្លូវនេះ គឺពាក់កណ្តាលដីចំណីផ្លូវ និងពាក់កណ្តាលទៀត គឺជាដីចំណីទន្លេ ប្រជាជនគ្រប់រូបមានសិទ្ធិអាស្រ័យផលបណ្តោះអាសន្នបាន តែគ្មានសិទ្ធិគ្រប់គ្រងធ្វើជារបស់ឯកជនបានឡើយ ហើយក៏គេមិនចេញប្លង់អោយដែរ។ ប៉ុន្តែចាប់តាំងពីដីមានហាងឆេង អ្នកមានលុយៗខ្លះនៅរាជធានីភ្នំពេញ បានមកឃុ.បឃិ.តគ្នាជាមួយមេខ្យល់ និងអាជ្ញាធរមូលដ្ឋានចុះមកទិញពីអ្នកធ្លាប់អាស្រ័យផលពីមុនក្នុងតម្លៃថោកៗ ហើយពួកគេក៏ធ្វើរបងថ្មព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជនតែម្តងទៅ។ តែបើប្រជាជនសង់ ត្រឹមតែកូនរោងឈើមួយយាមដី យាមចំការ មិនបានផង។

ប្រភពដដែលបន្តថា ច្បាប់ឥឡូវនេះពិបាកណាស់ ពលរដ្ឋចាក់អាចម៌ដីមួយឡាន ពីរឡាន គ្រាន់សង់ផ្ទះនៅ ក៏អាជ្ញាធរតម្រូវអោយទៅសុំច្បាប់ និងបង់លុយដែរ ខណៈដែលសេដ្ឋកិច្ចប្រជាពលរដ្ឋកំពុងតែធ្លាក់ចុះផងនោះ។ តែបើគេអ្នកមានលុយ មានអំណាចវិញ ចង់សាងសង់ចូលដីសាធារណៈរបស់រដ្ឋ សឹងដល់ពាក់កណ្តាលទន្លេ ក៏គេធ្វើបានដែរ។

ជុំវិញបញ្ហាខាងលើនេះ អង្គភាពព័ត៌មាន VPN TV ONLINE យើងបានទំនាក់ទំនងទៅលោក កែវ ចាន់រ៉ា ចៅសង្កាត់ព្រែកអំពិល តាមរយទូរស័ព្ទលោកបានប្រាប់ថា «ចំពោះសំណង់កំពុងសាងសង់លយចូលក្នុងទន្លេនេះ អាជ្ញាធរបានចុះទៅហាមឃាតជាច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែសំណងនោះតើងតែព្យាយាមលួចធ្វើដោយមិនឱ្យបានដឹង ហើយរយៈពេល១សប្ដាហ៍ចុងក្រោយនេះអាជ្ញាធរបានចុះទៅហាមឃាតមិនឱ្យមានកាសាងសង និងដាក់កំហិតទៅដល់ម្ចាស់សំណង់នោះ បើនៅតែបន្តសាងសង់រំលោភនៅកិច្ចសន្យាដែលអាជ្ញាធរបានហាមឃាត និងលេងមានការយោគយល់ អាជ្ញាធរនិងមានវិធានការផ្លូវច្បាប់។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់រង់ចាំមើលចំពោះចំណាត់ការរបស់អាជ្ញាធរទៅលើសំណង់ដែលបានសាងសង់រំលោភចូលច្រាំងទន្លេនោះ តើមានការផ្អាកសាងសង់ ឬនៅតែបន្ត បើសិននៅតែបន្តការសាងសងទៀតនោះ គឺបានន័យថាម្ចាស់សំណង់បានផ្គើននិងមិនគោរពទៅលើអាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់ឡើយ៕